ទីក្រុង Otaru មានទីតាំងស្ថិតនៅភាគពាយព្យនៃ Sapporo ក្នុងទីក្រុង Hokkaido នៃប្រទេសជប៉ុន។ ទីក្រុងនេះ ត្រូវបានគេស្គាល់ថាជាទីក្រុងកំពង់ផែដ៏សំខាន់មួយរបស់ជប៉ុន និងទាក់ទាញបំផុត ព្រមទាំងមានភាពស្រស់ស្អាត ជាពិសេសនៅក្នុងរដូវរងាស្របពេលដែលដំណក់ព្រិលធ្លាក់មកម្តងបន្តិចៗ។
នៅក្នុងរដូវរងារ ទីក្រុង Otaru តែងតែជាជម្រើសទីមួយចំពោះភ្ញៀវទេសចរ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ហាក់ដូចនៅក្នុងរឿងតុក្កតាគំនូរជីវចល “ព្រះនាងព្រិលស” ដោយទីក្រុងនេះបានប្រែក្លាយទៅជាតំបន់អស្ចារ្យនៃព្រិលធ្លាក់ ជាមួយនឹងការជិះស្គីទឹកកកលើភ្នំ Tengu, ពិធីបុណ្យផ្លូវពន្លឺព្រិល “Otaru Snow Light” រួមទាំងទិដ្ឋភាពនៃទីក្រុងទាំងមូលនាពេលរាត្រីដ៏គួរឱ្យចាប់អារម្មណ៍។
ទីក្រុង Otaru នៅក្នុងរដូវរងារបានផ្តល់នូវទេសភាពព្រិលដ៏រ៉ូមែនទិក ប្រៀបដូចជាសំបុត្រភាសាស្នេហ៍ដើម្បីពីពណ៌នាអំពីទំហំនៃក្តីស្រឡាញ់យ៉ាងធំធេង។
តស់! ធ្វើដំណើរកំសាន្តទៅ Otaru ហើយអនុញ្ញាតឱ្យខ្លួនឯងទទួលបាននូវអារម្មណ៍ពិសេសពីទីក្រុងអស្ចារ្យមួយនេះ ៖
- ធ្វើដំណើរទៅកាន់ Funamizaka ដើម្បីគយគន់សម្រស់សមុទ្រ
ដោយដើរពីផ្សារ Sankaku ទៅកាន់ Funamizaka តំបន់នោះគឺជាផ្លូវ “ជម្រាល” ចុះក្រោម ដែលអ្នកអាចមើលឃើញកប៉ាល់ជាច្រើននៅលើផ្ទៃសមុទ្រ។ ផ្លូវនេះមានប្រវែងវែង ប៉ុន្តែរាងតូចចង្អៀត ជាមួយនឹងជម្រាលភ្នំចោត អាចអនុញ្ញាតឱ្យអ្នកគយគន់នូវសម្រេស់សមុទ្រទាំងមូល។
- “ផ្លូវពន្លឺព្រិល” តាមប្រឡាយ
The Otaru Canal គឺជាចំណុចសំខាន់មួយនៃកោះហុកកៃដូ។ នៅតាមដងមាត់ទន្លេត្រូវបានត្រួសត្រាយដោយផ្លូវថ្មើរជើង និង “ផ្លូវចង្កៀងព្រិល” ជាមួយរចនាប័ទ្មបែបអឺរ៉ុបនាសម័យអតីតកាល គួបផ្សំនឹងអគារឃ្លាំងឥដ្ឋ និងថ្មដែលមានប្រវត្តិជាង 80 ឆ្នាំនៅតាមដងទន្លេ វាបានទាក់ទាញភ្ញៀវទេសចរជាច្រើនធ្វើដំណើរកំសាន្តមកកាន់ទីនេះ។
- ទិដ្ឋភាពពេលរាត្រីនៃភ្នំ Tengu
តំបន់ដែលខ្ពស់បំផុតនៅទីក្រុង Otaru គឺភ្នំ Tengu នៅទីនោះអ្នកអាចជិះរថយន្តខ្សែកាបនាពេលរាត្រី ដើម្បីទស្សនាទេសភាពផ្នែកខាងលើនៃភ្នំ Tengu ពោរពេញទៅដោយស្បៃព្រិលគ្រប់ដណ្តប់ដូចទៅនឹង ភ្នំកំពុងដណ្តប់ភួយព្រិលដ៏ក្រាស់ឃ្មឹក។ ទីក្រុង Otaru នាពេលយប់តែងតែរំលេចនូវពន្លឺផ្កាយជាច្រើនប្រទាក់ក្រឡាគ្នា ប្រៀបដូចជា Milky Way ។