ប្រសិនបើអ្នកមានទំនោរចិត្តខ្លាំងទៅលើធម្មជាតិព្រៃប្រឹក្សា អមជាមួយទឹកធ្លាក់បូកបញ្ចូលនឹងអាកាសធាតុត្រជាក់ ធ្លាក់ខ្យល់រំហើយ… នោះប្រហែលជាអ្នកត្រូវនឹកដល់ តាតៃ មុនគេហើយ!
តាតៃ មានទីតាំងក្នុងខេត្តកោះកុង ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា “ភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ” តំបន់នេះជាជម្រកនៃតំបន់អេកូឡូស៊ីអណ្តែតទន្លេ 4 ដ៏ស្រស់សោភា។
ទេសភាពនៃតំបន់ទេសចរមួយនេះ បានឆក់នូវភាពស្មុគស្មាញ និងរំសាយអារម្មណ៍ជាមួយនឹងខ្យល់អាកាសបរិសុទ្ធលាយឡំនឹងទិដ្ឋភាពនៃទឹកហូរកាត់តាមផ្ទាំងថ្មធំៗ។នៅទីនេះ ភ្ញៀវទេសចរអាចឡើងទៅកាន់ផ្នែកខាងលើនៃទឹកធ្លាក់ ហើយចុះមុជទឹកថ្លាឈ្វង់។
ក្រៅពីការហែលទឹកជ្រោះលេង អ្នកក៏អាចខ្ចប់អាហារសម្រន់ទៅស្រស់ស្រូបនៅលើផ្ទាំងថ្មធំៗជុំវិញទឹកធ្លាក់នោះ។ ទឹកជ្រោះតាតៃមានពីរជាន់ ជាន់ទី1 កំពស់ 5-6 ម៉ែត្រ ធ្លាក់ជាជំរា និងជាន់ទី២ មានកំពស់ 12-15 ម៉ែត្រ។
ដោយមានទីតាំងស្ថិតនៅជិតតំបន់ជួរភ្នំក្រវាញភាគខាងត្បូង តាតៃ គឺជាទីតាំងដ៏ល្អសម្រាប់ការរុករកតំបន់ជនបទដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា មិនថាការជិះទូកកាយ៉ាក់តាមមាត់ព្រែក ឬធ្វើដំណើរកាត់ព្រៃទឹកភ្លៀងមានសម្រស់ខៀវស្រងាត់ សកម្មភាពទាំងនេះសុទ្ធតែនាំភាពសប្បាយរីករាយដល់ភ្ញៀវទេសចរគ្រប់រូប។
រមណីយដ្ឋានទឹកជ្រោះតាតៃ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកទស្សនាកំសាន្តជាមួយទេសភាពទឹកធ្លាក់ និងព្រៃឈើខៀវស្រងាត់នៅជុំវិញតំបន់នេះ យ៉ាងស្រស់ស្អាត ដោយបរិយាកាសស្ងប់ស្ងាត់។