អាកាសធាតុនៃទីក្រុងប៉េកាំងក្នុងរដូវរងា ឬរដូវធ្លាក់ព្រិល
រដូវរងារនឹងចាប់ផ្តើមពីខែធ្នូ រហូតដល់ខែកុម្ភៈ ដោយវាមានខ្យល់ត្រជាក់បក់មករំហើយ និងពេលខ្លះមានការធ្លាក់ព្រិលគ្របដណ្តប់ពាសពេញផ្ទៃដីទីក្រុងប៉េកាំង។ គួរបញ្ជាក់ថា ខែមករា គឺជាខែដែលមានសីតុណ្ហភាពត្រជាក់បំផុតនៅក្នុងទីក្រុងប៉េកាំង ហើយវានឹងធ្លាក់ព្រិលជារៀងរាល់ថ្ងៃ ព្រមទាំងមានខ្យល់បក់ខ្លាំង។
ភាពស្ងប់ស្ងាត់នៃមហាផែង អមដោយទេសភាពដែលគ្របដណ្តប់ដោយព្រិល ជំនួសហ្វូងមនុស្សដ៏កកកុញនៃរដូវក្តៅ បានធ្វើឱ្យភ្ញៀវទេសចរទទួលអារម្មណ៍ថា តំបន់នេះជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់មុខ។ លំអងព្រិលតូចៗធ្លាក់ចុះមករុំជញ្ជាំងនៃប្រាសាទបង្កើតបានជាឈុតពណ៌សទន់ៗ ធ្វើឱ្យតំបន់អច្ឆរិយៈនេះមានភាពស្រស់ស្អាតខុសពីធម្មតា។
ហេតុអ្វីបានជាអ្នកគួរធ្វើដំណើរកំសាន្តទៅកាន់មហាកំផែងចិននៅក្នុងរដូវរងារ “រដូវធ្លាក់ព្រិល”?
ហេតុផលដ៏អសា្ចរ្យចំនួន 3 ដែលអន្ទងអារម្មណ៍របស់អ្នកធ្វើដំណើរទៅកាន់មហាកំផែងនៃប្រទេសចិន “The Great Wall of China” កំឡុងពេលធ្លាក់ព្រិល ៖
- នៅក្នុងរដូវរងា តំបន់ទេសចរណ៍បុរាណមហាកំផែងចិន ហាក់មិនសូវមានមនុស្សច្រើនទេ និងមានភាពស្ងប់ស្ងាត់ជាងមុន ដែលនេះបានផ្តល់ឱកាសយ៉ាងពិសេស ព្រមទាំងសម្រួលដល់ដំណើរកំសាន្តវិស្សមកាលរបស់អ្នកមិនឱ្យមានភាពរញ៉េរញ៉ៃ ស្មុគស្មាញ និងកកកុញដោយសារមនុស្សច្រើន។
- ទេសភាពព្រិលគ្រប់ដណ្តប់ភ្នំយ៉ាងក្រាស់ឃ្មឹក ប្រៀបដូចជាកម្រាលព្រំទឹកកកដ៏គួរឱ្យទាក់ទាញ និងភ្ញាក់ផ្អើលបំផុតដែលអាចជួយថតបាននូវរូបភាពប្រៀបដូចគំនូរមិនគួរឱ្យជឿនឹងភ្នែក។ សូម្បីតែនៅក្នុងអ័ព្ទក៏ធ្លាក់ចុះមក អ្នកនឹងមានអារម្មណ៍ថាអ្នកកំពុងនៅក្នុងពិភពរឿងនិទានវេទមន្ត។
- ម្យ៉ាង វាក៏ជាពេលវេលាដ៏ល្អផងដែរ ដើម្បីទស្សនាអំពីរបៀបដែលប្រជាជនចិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិននារដូវររងា។ អ្នកអាចទទួលយកបទពិសោធន៍ថ្មីពីបរិយាកាសនៃពិធីបុណ្យប្រពៃណី រីករាយជាមួយសកម្មភាពជាច្រើនដ៏គួរឱ្យចាប់អារម្មណ៍ និងភ្លក់រសជាតិអាហារក្នុងតំបន់។