ម៉ាកាវ ជាតំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន ដោយអនុវត្តទៅតាមគោលនយោបាយប្រទេស១ ប្រព័ន្ធដឹកនាំ២។ ម៉ាកាវ គឺជាតំបន់រដ្ឋបាលពិសេសមួយក្នុងចំណោមតំបន់រដ្ឋបាលពិសេសពីរនៃសាធារណរដ្ឋប្រជាមានិតចិននិងមួយទៀតគឺទីក្រុងហុងកុង។ ម៉ាកាវស្ថិតនៅប៉ែកខាងលិចនៃតំបន់ដីសណ្តទន្លេគុជ ឆ្លងកាត់ពីហុងកុងទៅ ខាងកើតជាប់ព្រំប្រទល់ខេត្តក្វាងទុង។ សេដ្ឋកិច្ចរបស់តំបន់រដ្ឋបាលពិសេសនេះ ពឹងផ្អែកមួយភាគធំទៅលើវិស័យកាស៊ីណូ ទេសចរណ៍ និង ការនាំចេញផលិតផល ដូចជាសម្លៀកបំពាក់ជាដើម។
ម៉ាកាវ ប្រៀបបានទៅនឹងស្ថានសូគ៌ នៃកាស៊ីណូ រហូតត្រូវបានគេដាក់ឈ្មោះឱ្យថាជា Las Vegas របស់អាស៊ីថែមទៀតផង។ យ៉ាងណាមិញ គេមិនអាចធ្វើការបដិសេធបានទេថា ទីក្រុងនេះក៏ជាតំបន់មួយសម្រាប់ការដើរទិញទំនិញយ៉ាងសម្បូរបែប និង ពេញនិយមបំផុតនៅក្នុងដែនដីអាស៊ី។ ម៉ាកាវ ប្រមូលផ្តុំទៅដោយអគារ មានដូចជាសណ្ឋាគារ កាស៊ីណូ និងផ្សារទំនើប ហើយលើសពីនេះក៏មានផងដែរនូវ តំបន់សម្រាប់ដើរទិញទំនិញចម្រុះមុខ ដែលគេហៅថា old-school shopping streets។ ទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ធបែបបុរាណលាយសម័យ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរនៅជុំវិញពិភពលោក ហើយជាចំណុចពិសេសមួយធ្វើឱ្យ ម៉ាកាវ ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម។
ថ្វីត្បិតតែសម្បូរកាស៊ីណូច្រើន ប៉ុន្តែម៉ាកាវ លែងជាដែនដី Las Vegas របស់អាស៊ីទៀតហើយ ដោយសារតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងមួយនេះបានផ្លាស់ប្តូរខ្លួនទៅជា ដែនដីស្រូបទាញទេសចរ ដ៏មានឥទ្ធិពល។ ជាការពិត យើងមិនអាចប្រកែកបានទេថា ភ្ញៀវទេសចរមកលេងម៉ាកាវ ដោយសារតែជាស្ថានសួគ៌នៃកាស៊ីណូ។ ប៉ុន្តែ តំបន់រដ្ឋបាលពិសេសរបស់ចិនមួយនេះ ក៏មានកន្លែងអស្ចារ្យផ្សេងៗ ដែលបានចុះទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ របស់អង្គការយូណេស្កូ ថែមទៀតផង។ ទន្ទឹមនឹងនេះ មានភោជនីយដ្ឋានមួយចំនូនលក់ម្ហូបពិសេសរសជាតិដើមរបស់ម៉ាកាវ តែម្តង។ ក្រៅពីនោះ ម៉ាកាវ ត្រូវបានគេចាត់ទុកជាកន្លែងដែលប្រមូលផ្តុំទៅដោយទំនិញចម្រុះ សម្បូរបែប មានទាំងទំនិញប្រណិត ម៉ាកល្បីៗនៅលើពិភពលោក និង ទំនិញខ្លះធូរថ្លៃ សម្រាប់អ្នកមិនចង់ចាយលុយច្រើនទៅលើការ shopping។
នំ Portuguese egg tarts
នំ Portuguese egg tarts ជាប្រភេទអាហារសម្រន់ដ៏ពេញនិយមនៅ ម៉ាកាវ។ គ្រាន់តែឃើញឈ្មោះនំមួយនេះ យើងអាចដឹងភ្លាមពីប្រវត្តិរបស់វា ដោយជាប់ទាក់ទងទៅនឹងពេលមួយដែលម៉ាកាវ ស្ថិតនៅក្រោមអាណានិគមរបស់ប្រទេស ព័រទុយហ្គាល់។ នំ ដ៏ល្បីនេះ បានផ្លាស់ប្តូរនូវគ្រឿងផ្សំមួយចំនួន នៅរយៈប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីតម្រូវរសជាតិទៅតាមការចូលចិត្តរបស់ពលរដ្ឋនៅទីនេះ។ ប៉ុន្តែ នំដែលត្រូវបានគេចំអិនតាមរសជាតិដើម នៅតែឆ្ងាញ់បំផុត។ នៅពេលធ្វើដំណើរទៅលេង ម៉ាកាវ អ្នកអាចរកទិញនំ Portuguese egg tarts បាននៅហាងល្បីឈ្មោះ Lord Stow’s Bakery និង Koi Kei Bakery។
នំ Almond cookies
នំឃុកឃី ធ្វើពីគ្រាប់អាល់ម៉ុន ជានំមួយប្រភេទទៀត ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ អាហារម៉ាកាវ។ ចំពោះរសជាតិ ដែលពេញនិយមមានដូចជា រសជាតិ egg yolk និង រសជាតិសណ្តែកបៃតង។ ដូចនេះដើម្បីសាកឱ្យដឹងគ្រប់រសជាតិ យកល្អអ្នកគួរតែទិញជាប្រអប់តែម្តង។
សាច់ងៀត
សាច់ងៀត ត្រូវបានគេហៅនៅម៉ាកាវ ថា “bak-wa” ដែលវាជាអាហារសម្រន់មួយផ្សេងទៀតដែលអ្នកគួរតែសាក។ សាច់ងៀត នៅទីនេះ មានរសជាតិ ផ្អែមបន្តិច ហើយមានសាច់រហូតដល់ទៅ ៤ប្រភេទ។ សាច់ងៀតដែលគេនិយមទិញហូប គឺ ងៀតគោ និង ងៀតជ្រូក ហើយសាច់ ២ ប្រភេទទៀត គឺ ងៀតអូទ្រីស និង ងៀតជ្រូកព្រៃ។
ស្រា wine រសជាតិដើមព័រទុយហ្គាល់
នេះជាស្រា wine រសជាតិដើមព័រទុយហ្គាល់។ ដូចដែលបានដឹងហើយថា ម៉ាកាវ ធ្លាប់ជាដែនដីនៅក្រោមអាណានិគម ព័រទុយហ្គាល់អស់ជាច្រើនឆ្នាំ ហើយវប្បធម៌ និង ទំនៀមទម្លាប់របស់ប្រទេសអឺរ៉ុបមួយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ហើយបន្សល់ទុកមកដល់សព្វថ្ងៃ។ ស្រា wine ព័រទុយហ្គាល់ ដែលល្បីនិងពេញនិយមនៅម៉ាកាវ មានដូចជា Douru និង Alentejo ៕