ការទទួលទានដំណេកបានគ្រប់គ្រាន់ជារឿងដែលសំខាន់ទោះអ្នកស្ថិតក្នុងវ័យណាក៏ដោយ ជាពិសេសចំពោះយុវវ័យ។
ការទទួលទានដំណេកបានស្ងប់សុខ អាចជួយបំបាត់ភាពនឿយហត់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត និងនាំមកនូវភាពស្រស់ស្រាយនៅពេលអ្នកក្រោកពីដំណេកព្រលឹមឡើងវិញ។
ឡេឌីស៍ សូមជូនជាគន្លឹះមួយចំនួនដើម្បីឱ្យមិត្តយុវវ័យទទួលទានដំណេកដោយស្ងប់សុខ ឆាប់លង់លក់ និងត្រឹមត្រូវតាមក្បួនខ្នាត។
បង្កើតទម្លាប់
ការបង្កើតទម្លាប់ល្អៗ គឺជារឿងចាំបាច់ ដូចជាការកំណត់ម៉ោងដំណេកឱ្យបានត្រឹមត្រូវ និងទៀងទាត់។ សូមកំណត់ពេលចូលគេងជារៀងរាល់យប់ និងកំណត់ទម្លាប់អ្នកមួយចំនួនទៀតរួមមានដូចជា ការងូតទឹក អានសៀវភៅនិងស្តាប់តន្រ្តីកំដរអារម្មណ៍ មុនគេងកន្លះម៉ោង នោះអ្នកនឹងអាចទទួលទានដំណេកដូចធម្មជាតិ។
រៀបចំកន្លែងគេងឱ្យបានសមរម្យ
កន្លែងគេងដែលមានផាសុកភាពអាចពន្លឿនឱ្យអ្នកឆាប់ងងុយ និងទទួលទានដំណេកដោយក្តីសុខ។ រៀបចំគ្រែគេងឱ្យបានស្អាត បើកភ្លើងរាត្រីកំដរ និងទុកឧបករណ៍អេឡិចត្រូនិចឱ្យឆ្ងាយពីខ្លួន ដូចជា ទូរសព្ទ កុំព្យូទ័រ…។
កាត់បន្ថយអាហារដែលគ្មានជីវជាតិ
អ្នកប្រហែលជាដឹងហើយថា ជាតិកាហ្វេអ៊ីនអាចប៉ះពាល់ដល់ដំណេករបស់អ្នកជាខ្លាំង។ មានអាហារមួយចំនួនដែលអាចប៉ះពាល់ដល់ការគេងរបស់អ្នក ឬ មិនធ្វើឱ្យអ្នកងងុយគេងរួមមាន បារី ស្រា ជាតិស្ករ។ ជំនួសអាហារទាំងនោះអ្នកអាចផ្លាស់ប្តូរមកបរិភោគបន្លែស្រស់ ផ្លែឈើ និងសាច់ដែលមានជាតិខ្លាញ់ទាប គឺជាជម្រើសដ៏ល្អបំផុត។
បន្ធូរអារម្មណ៍
សូមអ្នកព្យាយាមសម្រួលអារម្មណ៍ ឬធ្វើសម្មាធិដើម្បីជៀសវាងការគិតច្រើន និងស្រ្តេសនៅមុនពេលទទួលទានដំណេក។ ការដកដង្ហើមវែងៗ ស្តាប់តន្រ្តីបែបមនុស្សសញ្ចេតនា និងធ្វើលំហាត់ប្រាណយូហ្គាមុនចូលគេង អាចធ្វើឱ្យខួរក្បាលរបស់អ្នកសម្រាក ដូច្នេះអ្នកអាចគេងលង់លក់ដោយស្ងប់ស្ងល់។
អ្វីដែលអ្នកត្រូវដឹងបន្ថែមទៅលើគន្លឹះក្នុងការទទួលទានដំណេកលក់ស្រួល ៖
- កុំទទួលទានដំណេកនៅពេលថ្ងៃ
- ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ប៉ុន្តែសូមកុំអនុវត្តវាមុនចូលគេង រយៈពេល៣ម៉ោង
- កុំបរិភោគអាហារច្រើនពេកនៅពេលយប់
- រក្សាបន្ទប់គេងឱ្យស្អាតជានិច្ច
- សូមកុំយកអ្វីដែលរំខានដំណេករបស់អ្នកមកដាក់លើគ្រែគេង
- ងូតទឹកឱ្យបានស្អាតមុនចូលគេង