លក្ខណៈរបស់កូនតូច
មកដល់ខែទី២ កូនតូចមានទម្ងន់ប្រមាណជា ១គីឡូក្រាមពីទម្ងន់ដែលទើបនឹងកើតមកភ្លាមៗ។ បើទោះបីអាយុត្រឹម២ខែពិតមែន ប៉ុន្តែទារកក៏មានការចាប់ផ្តើមបង្ហាញ់លក្ខណៈពិសេសរបស់ខ្លួនបានខ្លះៗហើយ បើមាតាណាដែលប៉ិនសង្កេត ប្រាកដជាបានដឹងជាក់ជាមិនខានថាកូនតូចមានគ្រឹះនៃចរិតនិស្ស័យយ៉ាងណាខ្លះ អាចរួមមាន ក្មេងខ្លះជាក្មេងដែលងាយស្រួលបំបៅ ងាយស្រួលឱ្យគេងនិងគេងបានយូរ តែក្មេងខ្លះក៏ឆាប់ភ្ញាក់ ប៉ិនយំ ឬអាចបៅទឹកដោះតិចជាដើម។
កូនតូចគេងនៅពេលយប់បានកាន់តែយូរឡើង ក្នុងអំឡុងចុងខែទី២ ទារកខ្លះអាចនឹងគេងយូររហូតដល់ ៧ម៉ោង ហើយបៅមានពេលវេលាត្រឹមត្រូវ អាចនិយាយបានថាទារកតូចមានរបៀបរៀបរយច្រើនឡើងហើយ។
![](https://ladies.com.kh/wp-content/uploads/2024/05/1140x150-2-scaled.jpg)
ទោះជាភ្នែកទារកអាចនឹងនៅមើលឃើញមិនទាន់ច្បាស់មែនទែន ប៉ុន្តែគេក៏ចេះសម្តែងទឹកមុខបានពូកែជាងមុន ប្រសិនបើមាននរណាម្នាក់មកលេងជាមួយ គេនឹងមានការសើចក្អាកក្អើយនិងញញឺមដាក់វិញ។ រយៈពេលភ្ញាក់កាន់តែវែងឡើង ចាប់ផ្តើមបញ្ចេញសម្លេងបានម្តងម្កាល បៅទឹកដោះកាន់តែច្រើនឡើង (ជាប្រក្រតីប្រមាណ៧ដងក្នុងមួយថ្ងៃ)។
អាការដែលអាចកើតឡើង
ទល់លាមក
ការបន្ទោរបង់របស់ទារកតូចម្នាក់ៗខុសប្លែកៗពីគ្នា បើកូនតូច២ថ្ងៃជុះម្តង ហើយជុះស្រួល មឹមបាន គេងលក់ លេងសប្បាយ អារម្មណ៍ល្អ អាចរាប់បានថាមិនទល់លាមក ប៉ុន្តែបើទារកពិបាកជុះខ្លាំងដូចជា ជុះចេញមកគ្រាប់មូលៗ រឹងៗ នោះគឺបញ្ជាក់ថាទារកតូចកំពុងទល់លាមកហើយ។
ប្រតិកម្មចាញ់ម្សៅទឹកដោះគោ
មានក្មេងតូចៗចំនួនមិនតិចទេមានប្រតិកម្មចាញ់ម្ស៉ៅទឹកដោះគោ ហើយអាការនេះអាចបង្ហាញឡើងច្រើនលក្ខណៈ និងពាក់ព័ន្ធជាមួយប្រព័ន្ធក្នុងរាងកាយច្រើនកន្លែង ប៉ុន្តែអាការដែលគេសម្គាល់ឃើញជាញឹកញាប់នោះគឺ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធដង្ហើម និងកើតមានប្រតិកម្មនៅលើស្បែក។
រាងកាយ
មានការកម្រើកដៃជើងរបៀបទន់ភ្លន់ច្រើន មើលទៅមិនសូវកន្រ្ទាក់ខ្លាំងដូចកាលទើបតែកើតឡើយ។ នៅពេលដាក់កូនឱ្យគេងផ្កាប់ កូនតូចនឹងងើបក្បាលោឡើងប្រមាណជា ៤៥អង្សាបានមួយភ្លែត ដៃចាប់ផ្តើមស្រវាចាប់នេះចាប់នោះ និងពេលខ្លះចាប់របស់បានយូរៗប្រហែល ២ទៅ៣ នាទីទៀតផង។
សង្គមជុំវិញខ្លួន
កូនតូចចាប់ផ្តើមចាប់អារម្មណ៍សំឡេងជុំវិញខ្លួនច្រើនឡើង។ ពេលបានឮសម្លេងដែលធ្លាប់ស្គាល់ គេនឹងនៅរងចាំស្តាប់ ឬសម្តែងទឹកមុខថាបានឮ និងស្គាល់ រួមទាំងចេះសម្តែងអាំរម្មណ៍បានច្រើនដូចជា ត្រេកត្រអាលច្រើន សើចសប្បាយ មួរម៉ៅ ខឹងយំជាដើម។ ខ្សែភ្នែកមានការវិវឌ្ឍន៏ជាំងខែមុនបន្តិច ប៉ុន្តែចូលចិត្តក្នុងការសម្លក់សម្លឹង ឬមើលវត្ថុដែលធ្វើចលនានៅពីមុខបានខ្លាំងឡើងហើយ។
លេងជាមួយកូនញឹកញាប់
ការនិយាយលេងជាមួយកូនតូច ការច្រៀងបំពេរ គឺជាការបង្កើនប្រព័ន្ធប្រសាទការទទួលដឹងរបស់កូនតូច ធ្វើឱ្យកើតការរៀនយល់ដឹងបានងាយនិងល្អបំផុតនៅក្នុងអំឡុងពេលនេះ។