ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិអាចធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកមានភាពប្រសើរឡើងច្រើន ដោយវាបានផ្តល់នូវការសម្រាកពីភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ និងជំរុញអារម្មណ៍ឱ្យស្ងប់សុខទៅតាមខ្យល់ដ៏បរិសុទ្ធធម្មជាតិ ជាពិសេសផ្តល់ថាមពលដល់អ្នកឱ្យមានភាពស្រស់ថ្លាឡើងវិញ។ លើសពីនេះ ការរស់នៅជាមួយធម្មជាតិអាចនាំអោយមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវកាយដូចគ្នា រួមមានកាត់បន្ថយសម្ពាធឈាម និងបន្ថយកម្រិត Cortisol និងគ្រប់គ្រងការថប់បារម្ភ។
ខាងក្រោមនេះ គឺជាវិធី 3យ៉ាងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ ធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប្រសើរឡើង នៅពេលដែលអ្នកមានអារម្មណ៍តានតឹង បាត់បង់ភាពជាខ្លួនអ្នក ឬវង្វេងនៅក្នុងអារម្មណ៍មិនល្អណាមួយ។
ផ្តោតអារម្មណ៍ជាមួយធម្មជាតិ
នៅពេលដែលអ្នកសម្រេចចិត្តក្នុងការបង្កើតទំនាក់ទំនងជាមួយធម្មជាតិ នោះវាដល់ពេលវេលាដែលអ្នកត្រូវកាត់ផ្តាច់ខ្លួនពីសង្គមដ៏រញ៉េរញ៉ៃហើយ ជាពិសេសអ្នកត្រូវផ្តាច់ខ្លួនពីគ្រឿងអេឡិចត្រូនិច ជាពិសេសគឺ “ទូរសព្ទ” ហើយចូលរួមយ៉ាងពិតប្រាកដជាមួយបរិស្ថានជុំវិញខ្លួន។ ការផ្តោតអារម្មណ៍ទៅលើធម្មជាតិខាងក្រៅ អាចកាត់បន្ថយភាពតានតឹង និងអារម្មណ៍ថប់បារម្ភរបស់អ្នកបានច្រើន ទទួលយកការមើលឃើញ ស្រង់ក្លិន ស្តាប់សំឡេងថម្មជាតិ និងអនុញ្ញាត្តឱ្យអារម្មណ៍អ្នកទទួលដឹងថាមានខ្យល់បក់មកប៉ះលើស្បែកថ្នមៗ។ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយប្រកបដោយថាមពលពេញលេញនៅពេលអ្នកត្រលប់មកផ្ទះវិញ។
ធ្វើលំហាត់ប្រាណជាមួយធម្មជាតិ
អ្នកគួរផ្តល់ឱកាសដល់ខ្លួនជាមួយលំហាត់ប្រាណនៅក្នុងបរិវេណធម្មជាតិ ដូចជា ដើរឡើងទៅលើភ្នំដ៏ខៀវស្រងាត់ ឬនៅតំបន់ឆ្នេរសមុទ្រដ៏វែងដាច់កន្ទុយភ្នែក។ សាកស្រម៉ៃទៅមើល បើអ្នកធ្វើលំហាត់ប្រាណតែនៅក្នុងផ្ទះ ឬនៅក្លឹបហាត់ប្រាណពោរពេញទៅដោយមនុស្សជាច្រើន វាប្រាកដជាប៉ះពាល់ផ្លូវអារម្មណ៍របស់អ្នក និងមិនមានភាពធូរប្រសើរឡើយ។ សាកផ្លាស់ប្តូរ ហាត់យូហ្គា ឬអង្គុយសមាធិនៅលើភ្នំ ខ្យល់បរិសុទ្ធបក់ប៉ះកាយ!
បង្កើតទំនាក់ទំនងជាមួយធម្មជាតិ
មនុស្សយើងព្យាយាមរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ មិត្តរួមការងារ និងក្រុមគ្រួសាររបស់យើងស្ទើរតែទាំងអស់ ប៉ុន្តែប្រសិនបើអ្នកដកឃ្លាបានខ្លះក្នុងការរបង្កើតទំនាក់ទំនងជាមួយធម្មជាតិព្រៃភ្នំ វាជាការល្អសម្រាប់ខ្លួនឯងផងដែរ។ រៀបចំដំណើរកម្សាន្តទៅលេងឧទ្យានធម្មជាតិ ព្រៃភ្នំ ឆ្នេរសមុទ្រ.. ។ ធម្មជាតិជុំវិញខ្លួនមិនត្រឹមតែផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងរំសាយអារម្មណ៍តានតឹងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវបរិយាកាសឯកជន បន្ធូរការថប់បារម្ភបានយ៉ាងច្រើន។