តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ជាតំបន់ទេសចរណ៍ធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ ប្រភេទ ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក២៥០ហិចតានារដូវប្រាំង ទីតាំងជាប់សង្កាត់ជ្រាវ-សង្កាត់សៀមរាប ចំងាយ ១៦គីឡូម៉ែត្រ ខាងត្បូងទីក្រុងសៀមរាប និង ២គីឡូម៉ែត្រ ខាងជើងបឹងទន្លេសាប។
ដោយទទួលបានច្បាប់ពីក្រសួងមហាផ្ទៃ បច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសមាគម សហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ ។
សកម្មភាពនៃការការពារ និងអភិរក្សរបស់ប្រជាសហគមន៍ជ្រាវ បានប្រែក្លាយតំបន់នេះទៅជាមណ្ឌលដ៏សុខសាន្តសម្រាប់ ត្រីមេពូជ ព្រៃលិចទឹក និងសត្វស្លាបទឹក ដែលធ្វើអោយតំបន់នេះក្លាយទៅជាតំបន់គោលដៅទាក់ទាញថ្មី សំរាប់ទេសចរជាតិ និងអន្តរជាតិ អោយមកទស្សនា និងផ្តិតយករូបភាពនៃទេសភាពបៃតង សត្វស្លាបទឹក សត្វស្លាបដីសើម រាប់រយប្រភេទ ។
សូមចូលរួមអភិរក្សធនធានធម្មជាតិទាំងអស់គ្នា សម្រាប់កូនចៅយើងជំនាន់ក្រោយ និងសម្រាប់វិស័យទេសចរណ៍យើងផងដែរ។ មានទឹកមានត្រី មានត្រីមានសត្វ មានសត្វមានទេសចរ មានទេសចរមានក្តីសង្ឃឹម។
ខាងក្រោមនេះជារូបភាពយ៉ាងស្រស់ស្អាតនៅតំបន់បឹងពារាំង ដែលភ្ញៀវទេសចរមិនគួរមើលរំលង៖