ដំណើរការក្រពះ គឺសំខាន់បំផុត។ ក្រពះមានតួនាទី ទទួលយកអាហារ និងកិនអាហារ ហើយបំប្លែងទៅជាសារធាតុចិញ្ចឹមទៅដល់សេរីរាង្គកាយផ្សេងទៀតនៅក្នុងខ្លួនប្រាណនៃមនុស្សយើង។
កត្តាចម្បងដែលបង្កឱ្យមានការរលាកក្រពះកើតឡើងបណ្តាលមកពី ការបរិភោគអាហារអាហារប្រចាំថ្ងៃ។ មានប្រភេទអាហារមួយចំនួន អ្នកគួរចៀសវាងទទួលទានព្រោះវាបង្កហានិភ័យខ្ពស់បំផុតចំពោះដំណើរការក្រពះ នេះបណ្តាលមកពីអាស៊ីតក្រពះកើនឡើង ធ្វើឱ្យរលាកស្រទាប់ក្រពះ លើសពីនេះវាក៏អាចបង្កជាជំងឺដល់អ្នកទៀតផង។
មកស្វែងយល់ប្រភេទអាហារមួយចំនួនដែលអ្នកគួរចៀសវាង ប្រសិនបើអ្នកស្រឡាញ់សុខភាពក្រពះរបស់អ្នក ៖
អាហារជាតិអាស៊ីត
អ្នកមិនគួរទទួលទានអាហារដែលសម្បូរទៅដោយជាតិអាស៊ីតច្រើនទេ ព្រោះវាធ្វើឱ្យក្រពះប្រឈមនឹងការរលាក និងស្រទាប់ការពារក្រពះកាន់តែស្តើង។ អាហារដែលផ្ទុលជាតិអាស៊ីតមានដូចជា ផ្លែម្នាស់ ផ្លែប៉េងប៉ោះ និងអាហារផ្អាប់ជាដើម។
អាហារហឹរ
អាហារដែលមានរសជាតិហឹរពិតជាមានផលអាក្រក់ដល់សុខភាពក្រពះរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ វាអាចធ្វើឱ្យក្រពះអ្នកមានអាការ ក្រហាយ ចុកឆ្អល់ ក្តៅចុកពេញផ្ទៃនៃស្រទាប់ក្រពះ ភើរច្រើន ជាពិសេស ក្រពះធ្វើការបំបែកអាហារយូរជាងធម្មតា។
អាហារខ្លាញ់
អាហារខ្លាញ់រួមមានដូចជា ឆា ចៀន បំពង អាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺរលាកក្រពះ ព្រោះវាបង្កឱ្យមានអាការក្រហល់ល្រហាយ និងចុកឆ្អល់។
ភេសជ្ជៈផ្អែមៗ
ចំពោះភេសជ្ជៈកំប៉ុងផ្អែមៗ អ្នកមិនត្រូវទទួលទានជាប្រចាំនោះទេ ព្រោះប្រភេទភេសជ្ជៈទាំងនោះងាយធ្វើឱ្យអាស៊ីតក្រពះកាន់តែកើនឡើងខ្លាំង។ ម៉្យាង គ្រឿងស្រវឹងក៏ជាកត្តាមួយផងដែរ សូមកាត់បន្ថយឱ្យច្រើនតាមដែលអ្នកធ្វើបាន។