កម្មវិធី UNIVERSAL WOMAN 2024 ដែលប្រារព្ធធ្វើនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ហើយកាលពីយប់មិញ ដោយមកុដបានទៅលើបេក្ខនារីហ្វីលីពីន ប៉ុន្តែនៅលើបណ្ដាណសង្គម បានផ្ទុះការសរសើររ៉ូបដ៏ស្រស់ស្អាតរបស់ពិធីការិនី Julia Gama ទៅវិញ។
Julia Gama មកពីប្រេស៊ីល គឺជាបេក្ខភាព 1st Runner-Up in the Miss Universe 2020។ យប់មិញ នាងបានបង្ហាញខ្លួននៅលើឆាក UNIVERSAL WOMAN 2024 ក្នុងនាមជាពិធីការិនីរបស់កម្មវិធីក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយរ៉ូបច្នៃពីស្បៃពណ៌មាស លម្អដោយត្បូងឌិនជាច្រើនគ្រាប់។
រ៉ូបមួយនេះ ពិតស្អាត សក្ដិសមឥតខ្ចោះជាមួយរូបរាងដ៏ស្រឡូនរបស់ពិធីការិនីប្រេស៊ីល បានជាកម្លាំងទាក់ទាញការចាប់អារម្មណ៍មួយពីកែវភ្នែករបស់ទស្សនិកជន។ រឹតតែគួរឲ្យភ្ញាក់ផ្អើល រ៉ូបនេះ គឺជាស្នាដៃរចនាម៉ូដដោយកូនខ្មែរថែមទៀត។
រឿងនេះ ត្រូវបានបើកកកាយ បន្ទាប់ពីលោក ម៉ាន សុផល ដែលជាអ្នករចនាម៉ូដល្បីឈ្មោះមួយរូបជាជនជាតិខ្មែរ បានបញ្ជាក់ឲ្យដឹងថានេះជាស្នាដៃរចនារបស់លោក។ ប្រិយមិត្តជាច្រើនបានពោលដោយការភ្ញាក់ផ្អើល ពីព្រោះពួកគេកាត់យល់ជាមុនថា នេះជាស្នាដៃមកពីបរទេស។
គណនីហ្វេសប៊ុកមួយឈ្មោះថា អរុណ វិជ្ជា បានពោលដោយការភ្ញាក់ផ្អើលថា “ទឹកដៃស្តង់ដាហ្មងបង ស្អាតសាហាវ ដំបូងខ្ញុំគិតថា gown គាត់យកពីប្រទេសគាត់មកតើ បើកុំឃើញបងផុសអត់ដឹងសោះ”។
អ្នកផ្សេងទៀតដែលមានគ្នារាប់រយនាក់ ពោលសរសើរដូចៗគ្នាថា សា្នដៃរបស់លោក សុផល ល្អឥតខ្ចោះប្រកបដោយស្តង់ដារ។
នេះជាស្នាដៃលេចធ្លោថ្មីទៀតរបស់លោក ម៉ាន សុផល បន្ទាប់ពីប៉ុន្មានថ្ងៃមុន លោកក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ សម្រាប់ការច្នៃរ៉ូបដ៏ស្រស់ស្អាតមួយឲ្យ កញ្ញា លី មួយលាង ស្លៀកចូលកម្មវិធី “រាត្រីផ្ទេរមកុដ Miss Teen Cambodia 2023៕