រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។
រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ។
អ្វីដែលពិសេសជាងនេះទៅទៀនោះគឺ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មាន ជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើងប្រវែងជាង២០គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។
ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត ដែលមានសំឡេងរំខាន ឬផ្សែងបំពុលបរិស្ថាន អាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។
មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាពព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយ៕