ទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ គឺជារឿងដ៏ត្រេកត្រអាលបំផុតនៅក្នុងជីវិត ប៉ុន្តែខណៈពេលដែលកំពុងរីករាយទាំងនោះ អ្នកម្តាយថ្មីថ្មោងក៏ទទួលបាននូវអារម្មណ៍ភ័យព្រួយ និងបារម្មណ៍យ៉ាងខ្លាំងទៅលើការមើលថែទាំចំពោះទារកដំបូងរបស់ពួកគេ។
អ្នកម្តាយលើកដំបូងគ្រប់រូបតែងចោទសំណួរទាំងនេះឡើងជារឿយៗ
- តើខ្ញុំនឹងអាចមើលថែកូនតូចរបស់ខ្ញុំបានដែរឬទេ?
- តើខ្ញុំកំពុងតែបំពេញតួនាទីបានត្រឹមត្រូវដែរឬទេ?
- តើខ្ញុំត្រូវធ្វើដូចម្តេចនៅពេលគេឃ្លាន?
- តើកូនខ្ញុំគេងលក់ស្រួលដែរទេ?
- តើពេទ្យណាសាកសមនឹងកូនរបស់ខ្ញុំ នៅពេលគេឈឺក្តៅខ្លួន?
ឡេឌីស៍ សូមចែករំលែកជូនជាចំណេះដឹងខ្លះៗ ហើយសង្ឃឹមថាចំណុចទាំងនេះនឹងធ្វើឱ្យអ្នកស្ងប់ចិត្ត ព្រមទាំងជួយឱ្យអ្នកក្លាយជាអ្នកម្តាយលើកដំបូងដ៏រីករាយបំផុតផងដែរ។
ការបំបៅដោះ
ពិតណាស់ អាហារសម្រាប់ពួកគេនៅពេលនេះ គឺមានតែទឹកដោះម្តាយតែមួយគត់។ ចំណុចមួយដែលអ្នកម្តាយដំបូងគ្រប់រូបត្រូវដឹង គឺពួកគេចូលចិត្តគេងដោយអ្នកបំបៅពួកគេ។ អ្នកប្រហែលធ្លាប់ឮអំពីអាការឈឺក្បាលសុដន់ និងមានអារម្មណ៍នៅពេលកូនរបស់អ្នកចាប់ផ្តើមជញ្ជក់ ព្រមទាំងមានអាការៈអស់កម្លាំង និងបាក់ទឹកចិត្តផងដែរ ប៉ុន្តែសូមកុំបារម្ភអាការទាំងនេះនឹងធូរស្បើយមកវិញនៅពេលដែលអ្នកសម្រាកបានគ្រប់គ្រាន់។
ការបំបៅដោះកូន គឺបង្ហាញថាអ្នកបានផ្តល់នូវជីវជាតិដ៏ល្អបំផុតសម្រាប់កូន ព្រមទាំងបង្កើតភាពជិតស្និទ្ធរវាងអ្នកម្តាយ និងកូនផងដែរ ម៉្យាងអ្នកក៏អាចសង្កេតឃើញអំពីភាពរីករាយរបស់ទារកក្នុងពេលបំបៅពួកគេផងដែរ នេះអាចបញ្ជាក់ឱ្យឃើញថា ការបំបៅដោះគឺជាបទពិសោធន៍ដ៏ល្អមួយចំពោះមាតាគ្រប់រូប។
ការលួងលោម
ផ្នែកនេះ ជាផ្នែកដ៏សំខាន់មួយនៅពេលដែលអ្នកមានកូន។ អ្នកត្រូវតែយល់ថា ទារកតែងតែយំជានិច្ច ពួកគេអាចនឹងយំនៅពេលឃ្លាន ឬមានការឈឺចុកចាប់នៅផ្នែកណាមួយនៃរាងកាយរបស់ពួកគេ ឬមិនមានផាសុកភាព។ ពួកគេក៏អាចយំ នៅពេលគេងងុយគេងផងដែរ។
នៅពេលកូនរបស់អ្នកយំ អ្នកអាចលួងលោមកូនរបស់អ្នកដោយ អ្នកលើកពរពួកគេបញ្ឈរដាក់លើខ្លួនរបស់អ្នក និងបង្កើតសំឡេងបំពេរលួងថ្នមៗ រួចទះខ្នងគេថ្នមៗបំផុត។
ប្រសិនបើវិធីនេះមិនបានផល ក៏ព្រោះតែកូនរបស់អ្នកមិនបានឃ្លាន មិនមានអាការឈឺ ឬមិនងងុយគេង នោះអ្នកអាចងូតទឹកក្តៅឧណ្ណៗឱ្យគេបាន។ វិធីងូតទឹកនេះអាចជួយឱ្យកូនអ្នកមានអារម្មណ៍ល្អ និងជួយឱ្យគេមានអារម្មណ៍ងងុយគេង រួមទាំងទទួលបានផាសុកភាពផងដែរ។
យកកូនរបស់អ្នកចេញក្រៅ
អ្នកអាចសាកល្បងនាំកូនរបស់អ្នកចេញទៅបរិវេណខាងក្រៅ ដូចជា ឧទ្យានកំសាន្ត ក៏ដូចជាហាងសៀវភៅ (សូមចៀសវាង ទៅទីកន្លែងដែលអ៊ូរអរខ្លាំង) នោះអ្ន្កកនឹងយល់ថា ការចេញទៅខាងក្រៅគឺជាការល្អ។ សូមរៀបចំសម្ភារៈសម្រាប់កូនរបស់អ្នក និងសម្រាប់ខ្លួនឯងឱ្យបានត្រឹមត្រូវ។
ការដែលក្លាយជាអ្នកម្តាយលើកដំបូងអាចនឹងពិបាកបន្តិចមែន ប៉ុន្តែអ្នកទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យមួយ និងភាពរីករាយពីការខិតខំប្រឹងប្រែងទាំងឡាយសម្រាប់កូនរបស់អ្នក និងខ្លួនឯង។