សម្រាប់ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី១០ បានរៀបចំឡើងក្នុងខេត្តកែប ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ។ បុណ្យសមុទ្រឆ្នាំនេះ មានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានា។ សម្រាប់ព្រឹតិ្តការណ៍បុណ្យសមុទ្ររយៈពេល បីថ្ងៃនេះមានភ្ញៀវទេសចរណ៍ជាតិប្រមាណ ២៦៦.៤៦៧ នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ១.៧៤៣ នាក់ បានចូលរួមផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីបុណ្យឆ្លងសមុទ្រជាលើកទី១សម្រាប់ប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយពិធីបុណ្យឆ្លងឆ្នាំសកល២០១២ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ នៃឆ្នេរសមុទ្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រារព្ធពិធីបុណ្យសមុទ្រ ជារៀងរាល់ឆ្នាំបន្ទាប់ពីឆ្នេរ សមុទ្ររបស់កម្ពុជាបានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រ ដ៏ស្អាតជាងគេបំផុតនៅលើសកលលោក។ ការសម្រេចប្រារព្ធពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ របស់រដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីកម្ពុជា បានទទួលវិញ្ញាបនបត្របញ្ជាក់ ពីឆ្នេរខ្សាច់ស្អាតលំដាប់ពិភព លោក កាលពីថ្ងៃទី២៥ ខែឧសភា ២០១១ នៅប្រទេសសេណេហ្គាល់ ក្នុងមហាសន្និបាត លើកទី៧ របស់ក្លឹបឆ្នេរខ្សាច់ ដែលមានសមាជិក២៦ប្រទេស៕




