ម៉ាកប្រេនដ៏ល្បីល្បាញជុំវិញពិភពលោក “Louis Vuitton” បានឈរឈ្មោះនៅក្នុងទីផ្សារទំនិញតាំងពីឆ្នាំ 1854 មកម្ល៉េះក្រោមការបង្កើត និងដឹកនាំផ្ទាល់ដោយលោក Louis Vuitton។ កំពូលម៉ាកដ៏ល្បីលេខ ១ ដែលត្រូវបានគេទទួលស្គាល់ទៅលើគុណភាពនោះមានផលិតផលជាច្រើនដូចជា កាបូបដៃ វ៉ាលី ស្បែកជើង គ្រឿងអលង្ការ ទឹកអប់ និងគ្រឿងលម្អប្រាណ (វ៉ែនតា នាឡិកា ខ្សែក្រវ៉ាត់ កន្សែង..)។
លោក Louis Vuitton ប្រសូត្រនៅថ្ងៃទី 4 ខែសីហា ឆ្នាំ 1921 នៅក្នុងទីក្រុង អានឆេន ប្រទេសបារាំង ដែលមានឪពុកជាកសិករ និងម្តាយមានរបរជាអ្នកធ្វើមួក។ ក្រោយពីម្តាយបង្កើតបានទទូលមរណភាព ឪពុក Vuitton ក៏មានប្រពន្ធថ្មីមួយទៀត ដោយហេតុ Vuitton មិនអាចទ្រាំទ្រនឹងការវាយធ្វើបាបពីម្តាយចុង គាត់ក៏បានសម្រេចចិត្តចាកចេញពីផ្ទះនៅក្នុងឆ្នាំ 1835 ដែលពេលនោះ លោកមានអាយុត្រឹម 13ឆ្នាំតែប៉ុណ្ណោះ។ Vuitton បានធ្វើដំណើរដោយថ្មើរជើងទៅកាន់ទីក្រុងប៉ារីស ដោយមានចម្ងាយប្រមាណ 470km ដោយពុំមានប្រាក់កាក់ក្នុងខ្លួនសោះតែម្តង ប៉ុន្តែជាសំណាងល្អគាត់ក៏ទទួលបានការងារជាកូនជាងនៅក្នុងហាង Parisian Atelier របស់លោក Monsieur Maréchal។
កាលជំនាន់នោះ ប្រជាជនទាំងអស់ គឺធ្វើដំណើរតាមរយៈខ្សែរថភ្លើង រទេះសេះ និងនាវា ឬទូក ដូច្នេះហើយការយកអីវ៉ាន់តាមខ្លួនគឺតម្រូវឱ្យមានប្រអប់ធំៗដាក់ដើម្បីការការពារបានខ្ពស់ ចៀសវាងការបាក់បែកដោយមិនបានវេចខ្ចប់ត្រឹមត្រូវ។
ដោយ Vuitton មានជំនាញទៅលើការផលិតវត្ថុចេញពីថ្ម លោហៈ ក្រណាត់ និងឈើ លោក Monsieur Maréchal ក៏បានឱ្យគាត់ផលិតប្រអប់ដើម្បីដាក់ឥវ៉ាន់ទៅតាមតម្រូវការប្រជាជននៅជំនាន់នោះ ទើបធ្វើឱ្យ Vuitton មានភាពល្បីល្បាញក្នុងការផលិតវ៉ាលីដែលមានគុណភាពប្រណីត និងស្រស់ស្អាតបំផុត។ លោកមានមានស្នាដៃល្បីរន្ទឺខ្លាំងរហូតធ្វើឲ្យអធិរាជស្រី Eugénie de Montijo តែងតាំងគាត់ជាជាងផ្ទាល់ខ្លួនទៀតផង។
ក្រោយមក Vuitton ក៏បានបើកហាងផ្ទាល់ខ្លួននៅតំបន់ Asnières ស្ថិតនៅភាគឦសាននៃទីក្រុងប៉ារីស។ ការបើកហាងនេះ មានការចាប់ផ្តើមដំបូងត្រឹមបុគ្គលិក 20 នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារការច្នៃប្រឌិតថ្មីជាមួយផលិតផលរបស់ខ្លួន ព្រមទាំងគុណភាពខ្ពស់ មានការទទួលការគាំទ្រពីភ្ញៀវជាខ្លាំង ហាងរបស់លោកក៏បានបន្ថែមបុគ្គលិករហូតដល់ជាង 200 នាក់។
ក្រោយមកក៏កើតមានសង្គ្រាម ធ្វើឲ្យលោកធ្លាក់ខ្លួនយ៉ាងខ្លាំង ហើយត្រូវបង្ខំចិត្តបិទអាជីវកម្មរបស់ខ្លួន សូម្បីតែអាហារសឹងតែមិនមានបរិភោគផង។ ក្រោយមកនៅឆ្នាំ 1871 សង្គ្រាមក៏ត្រូវបានបានបញ្ចប់ លោក Vuitton បានត្រលប់មកវិញ និងធ្វើការបើកអាជីវកម្មរបស់ខ្លួនវិញជាមួយនឹងប្រាក់សន្សំខ្លះៗ។
មរណភាពលោក Louis Vuitton
នៅក្នុងអាយុ 70 ឆ្នាំ Vuitton បានទទួលមរណភាពដោយសារជំងឺមហារីក ឆ្នាំ 1892 ។ កូនប្រុសច្បងរបស់គាត់ឈ្មោះ Georges បានស្នងតំណែងជាប្រធានក្រុមហ៊ុន លើសពីនេះ Georges បានព្យាយាមធ្វើឱ្យប្រេន “Louis Vuitton” ក្លាយជាឈ្មោះម៉ាកផលិតផលដ៏ល្បីល្បាញខ្លាំងទូទាំងពិភពលោក និងបង្កើតស្លាកសញ្ញាជាការចងចាំពីឪពុករបស់គាត់គឺ LV នេះឯង។
នៅឆ្នាំ 1893 គាត់បានរៀបចំការដាក់តាំងពិពណ៌ឥវ៉ាន់នៅឯ Chicago World’s Fair ហើយក៏បានជួបជាមួយពាណិជ្ជករម្នាក់ឈ្មោះ John Wanamaker ដោយហេតុនេះហើយទើបកេរ្តិ៍ឈ្មោះក្រុមហ៊ុន Louis Vuitton ត្រូវបាននាំយកទៅកាន់ទីផ្សារលក់ទំនិញនៅសហរដ្ឋអាមេរិក ហើយទទួលបានភាពល្បីល្បាញ ពេញនិយមមកដល់សព្វថ្ងៃ៕