ប្រសិនបើអ្នកមានការឈឺចាប់អំឡុងពេលបត់ជើងតូច ដូចជានោមមកជាមួយអាការៈ ឈឺបង្ហួរនោម ក្រហាយ ឬមានការឈឺចាប់នៅបរិវេណជុំវិញទ្វារមាស វាជាសញ្ញាដែលផ្តល់ដល់អ្នកក្នុងការត្រួតពិនិត្យទៅលើតម្រង់នោម ព្រោះវាកំពុងតែមានបញ្ហាអ្វីមួយមិនប្រក្រតីហើយ។
មានមនុស្សជាច្រើនជុំវិញពិភពលោកបានជួបប្រទះបញ្ហា Dysuria ឬ គេហៅថា ការឈឺចាប់អំឡុងពេលនោម យ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។
ការឈឺចាប់ពេលនោម អាចជាសញ្ញានៃការឆ្លងមេរោគផ្សេងៗ ដែលដាច់ខាតត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ចៀសវាងទុកវាបង្កឱ្យទៅជាបញ្ហាធំជាងហ្នឹង។
បញ្ហាទាំងនោះអាចមានដូចជា ៖
1. ការឆ្លងមេរោគបង្ហូរនោម Urinary Tract Infection (UTI)
មិនថាបុរស ឬស្ត្រីសុទ្ធសឹងតែអាចឆ្លងប្រភេទជំងឺនេះបាន ប៉ុន្តែអាត្រានៃការឆ្លងមេរោគនេះទៅលើស្រ្តីគឺខ្ពស់ជាងបុរសចំនួន 90ដង។ តាមប្រសាសន៍ លោកវេជ្ជបណ្ឌិត Richardson បាននិយាយថា “ការឈឺចាប់នៅពេលនោម ប្រមាណ 80% គឺបណ្តាលមកពីការឆ្លងមេរោគតាមបង្ហួរនោមដែលគេហៅវាជាភាសាកាត់ថា UTI” ។ លោកបានបន្តទៀតថា “ការឆ្លងមេរោគកើតឡើងនៅពេលដែលបាក់តេរីបានជ្រាបចូលទៅក្នុងបង្ហួរនោម (បំពង់ដែលទឹកនោមហូរចេញពីរាងកាយរបស់អ្នក) ហើយបន្ទាប់មកចូលទៅក្នុងតម្រង់នោមរបស់អ្នក។ វេជ្ជបណ្ឌិត Richardson បានពន្យល់ថា “ការកើនឡើងនៃបាក់តេរី អាចធ្វើឱ្យទឹកនោមមានជាតិអាស៊ីត ហើយនៅពេលដែលទឹកនោមហូរចេញពីបង្ហួរនោម អ្នកនឹងមានអារម្មណ៍ថាឈឺ ឬក្រហាយខ្លាំង” ។
បន្ថែមពីលើការនោមឈឺចាប់អំឡុងពេលនោម (UTI) រោគសញ្ញានៃជំងឺនេះអាចមានអាការៈដូចជា នោមញឹកញាប់ និងទឹកនោមមានបែកពពុះច្រើនខុសធម្មតា ឬទឹកនោមធុំក្លិនឆ្អេះខ្លាំង។
2. ជំងឺឆ្លងតាមការរួមភេទ Sexually Transmitted Infections (STI)
វេជ្ជបណ្ឌិត Richardson បាននិយាយថា នៅពេលនោមមានការឈឺចាប់ខ្លាំង ហើយវាមិនមែនជា UTI ទេ វាគឺអាចជាការឆ្លងជំងឺកាមរោគ។ វេជ្ជបណ្ឌិត Richardson បានបន្ថែមទៀតថា “ស្ត្រីភាគច្រើនតែងតែសន្មតថាវាជា UTI ហើយពួកគេមិនបានគិតដល់បញ្ហាដែលកើតមកពីការឆ្លងជំងឺកាមរោគទេ”។
ជំងឺ Chlamydia, ជំងឺប្រមេះទឹកបាយ, ជំងឺ Trichomoniasis និងជំងឺកាមរោគផ្សេងៗទៀតដែលកើតនៅលើប្រដាប់បន្តពូជទាំងអស់គឺ អាចធ្វើឱ្យវាឈឺចាប់ក្នុងការនោម។ សញ្ញាផ្សេងទៀតដែលអ្នកអាចមាន STI រួមមាន ៖
· រមាស់ប្រដាប់ភេទ
· មានការផ្លាស់ប្តូរចំពោះការបញ្ចេញទឹករំអិលតាមទ្វារមាសខុសធម្មតា
· ឡើងពងបែក ឬកើតមានដំបៅនៅលើទ្វាមាស ឬពងស្វាស
3. ការឆ្លងមេរោគតម្រងនោម Kidney Infection
វេជ្ជបណ្ឌិត Richardson បានលើកឡើងបន្តទៀតថា ប្រសិនបើវាឈឺចាប់ខ្លាំងមិនអាចទ្រាំបាននៅពេលនោម ហើយអ្នកមានឈាមក្នុងទឹកនោម ឬអាចជាអាការៈឈឺខ្នងខុសធម្មតា នោះ UTI អាចនឹងវិវត្តខ្លួនទៅជាស្ថានភាពអាក្រក់បំផុតនៅក្នុងតម្រង់នោមរបស់អ្នក។
ការឆ្លងមេរោគលើតម្រងនោម – ហៅថា Pyelonephritis វាកើតឡើងនៅពេលដែល UTI ធ្វើដំណើរទៅកាន់សរីរាង្គតម្រងនោមរបស់អ្នក។ វេជ្ជបណ្ឌិត Richardson បានព្រមានថា ប្រសិនបើអ្នកជំងឺទុកចោលមិនបានធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ការឆ្លងមេរោគតម្រងនោមអាចឆក់យកអាយុជីវិតអ្នកជំងឺបាន។
4. បាតេរីនៅក្នុងទ្វាមាស Bacterial Vaginosis
ការឆ្លងមេរោគនៅក្នុងទ្វារមាស កើតមានទូទៅបំផុតចំពោះស្ត្រីដែលមានអាយុចន្លោះពី 15 ទៅ 44 ឆ្នាំ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) ។ ការឆ្លងបាក់តេរីនៅក្នុងទ្វារមាស កើតមានញឹកញាប់ចំពោះស្ត្រីដែលរកស៊ីផ្លូវភេទជាជាងអ្នកដែលមិនធ្លាប់ធ្វើការរួមភេទ។ យោងតាម CDC ការរួមភេទជាមួយដៃគូថ្មី ឬមានដៃគូរួមភេទច្រើន ហាក់បីដូចជាកំពុងបង្កើនឱកាសក្នុងការឆ្លងមេរោគនេះ ហើយវិវត្តន៍ទៅជាប្រភេទ ជំងឺ BV ។ ប្រសិនបើអ្នកមាន ជំងឺ BV អ្នកអាចទទួលរងការឈឺចាប់នៅពេលនោម និង រមាស់ ឬក្រហាយទ្វារមាស។ មានការប្រែប្រួលទៅលើការហូរទឹករំអិលដែលចេញពីទ្វារមាសស្រ្តី និង ស្ត្រីខ្លះទៀតក្លិនទ្វារមាសខ្លាំង ជាពិសេសបន្ទាប់ពីរួមភេទរួច។
បញ្ហាទាំងអស់នេះ អាចបង្កទៅជាជំងឺកម្រិតធ្ងន់ដល់អ្នកនាថ្ងៃអនាគត ប្រសិនបើអ្នកមិនទទួលការព្យាបាលវាឱ្យទាន់ពេលវេលា។
សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទាន់ពេលវេលា។
ចូរកំណត់សម្គាល់ទៅលើរូបរាងកាយរបស់អ្នក ដើម្បីដឹងថាសិរីរាង្គកាយរបស់អ្នកមិនប្រក្រតីនៅត្រង់ណាមួយ ហើយធ្វើការវិនិច្ឆ័យថា តើវាអាចជាជំងឺដែរឬទេ?