មានសិល្បករខ្មែរច្រើននាក់ បានបង្ហាញខ្លូនចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យអបអរបុណ្យចូលប្រពៃណីជាតិខ្មែររបស់សាលាមធ្យមវិចិត្រសិល្បៈក្នុងចំណុចគួរចាប់អារម្មណ៍ ពួកគេនាំគ្នាស្លៀកខោអាវក្រមាខ្មែរទាំងអស់គ្នា។
ក្រុមសិល្បៈក្រុមនេះ ដឹកនាំដោយកញ្ញា មាន សូនីតា ដែលប្រិយមិត្តស្គាល់ថាជារាជនីក្រមាខ្មែរ។ ថ្មីៗនេះទៀតសោត នាងបានបើកយុទ្ធនាការផលិតខោអាវច្នៃពីក្រមាខ្មែរ លក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទិញយកទៅស្លៀកដើរលេងចូលឆ្នាំខ្មែរ។
តារាស្រីប្រាប់ថា ឆ្នាំកន្លងទៅ ក្នុងឱកាសនេះ បងប្អូនប្រជាពលរដ្ឋយើង ប្រើប្រាស់សំលៀកបំពាក់នាំចូលច្រើន តែឆ្នាំនេះ នាងចង់ឃើញបងប្អូនជនរួមជាតិ ពិសេសយុវវ័យស្លៀកខោអាវក្រមាខ្មែរដើរលេងចូលឆ្នាំម្ដង។ ដូច្នេះហើយ ទើបនាងផ្ដួចផ្ដើមគំនិតផលិតខោអាវក្រមាខ្មែរនេះឡើង។
កិច្ចការងារនេះ សូនីតា មានលទ្ធភាពការងារដល់ស្ត្រីសហគមន៍ប្រមាណ ១០នាក់។ ដោយឡែក ចំពោះតម្លៃវិញ សូនីតា ដាក់លក់ក្នុងតម្លៃ ៣២ ០០០រៀលក្នុង១ខោ ស្មើនឹងប្រមាណ ៨ដុល្លារអាមេរិក។ ករណីអតិថិជនកក់មុន តម្លៃនៅសល់តែ ២៨ ០០០រៀលតែប៉ុណ្ណោះ។
ក្នុងសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ ការចាប់អារម្មណ៍លើផលិតផលខ្មែរមួយនេះ សូនីតា បាននាំសិល្បករជាច្រើននាក់ស្លៀកលេងរបាំប្រជាប្រិយខ្មែរ ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ។ ទស្សនាទិដ្ឋភាពនោះទាំងអស់គ្នា៖