ស្តេចស៊ុលតង់ នៃប្រទេសប្រ៊ុយណេ Sultan Hassanal Bolkiah ត្រូវបានគេចាត់ទុកថា ជាព្រះមហាក្សត្រដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ ព្រះអង្គ មានទ្រព្យសម្បត្តិ ចន្លោះពី ២០ ពាន់លាន ទៅ ៤០ ពាន់លានដុល្លារ។ ព្រះអង្គ ជាម្ចាស់នៃ collection រថយន្តឯកជនដ៏ធំបំផុតរបស់ពិភពលោក ដោយមានជាង ៧០០០គ្រឿង ដែលឃ្លាំងដាក់ឡាននោះមានរថយន្ត Rolls-Royce ដ៏ច្រើនបំផុតនៅក្នុងពិភពលោក និងរថយន្តរាជវង្សដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ក៏ដូចជារថយន្ត Rolls-Royce – Silver Spur II ដែលទ្រង់មានរហូតដល់ ២៤ គ្រឿង។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងរថយន្តទំនើបៗទៀតនោះ គឺជា “យន្តហោះឯកជនថ្លៃបំផុតនៅលើលោក” ដែលជាយន្តហោះ Boeing 747-400 ផ្ទាល់ខ្លួនដែលទ្រង់បានទិញកាលពីជាងមួយទសវត្សរ៍មុន។ យន្តហោះ Boeing 747-400 ថ្មីមានតម្លៃប្រហែល ២៦០ លានដុល្លារនៅថ្ងៃនេះ ប៉ុន្តែស្តេចស៊ុលតង់ត្រូវបានគេរាយការណ៍ថាបានចំណាយខ្ទង់ ៤០០ លានដុល្លារ អាស្រ័យលើរបាយការណ៍។ ព្រះអង្គបានបន្ថែមប្រាក់ចំនួន ១២០ លានដុល្លារទៀត ដើម្បីកែប្រែ និង បន្ថែមគ្រឿងបរិក្ខាប្រណិត មានតម្លៃ មួយចំនួនទៀតនៅលើយន្តហោះ ។ ដោយសារនេះជាយន្តហោះឯកជនរបស់មន្ត្រីរដ្ឋាភិបាល ទើបមិនមានព័ត៌មានជាក់លាក់ជាច្រើនអំពីយន្តហោះនេះត្រូវបានបង្ហាញជាសាធារណៈ។
ប៉ុន្តែអ្វីដែលត្រូវបានចេញផ្សាយនោះ បង្ហាញរូបភាពច្បាស់ណាស់ថា យន្តហោះនេះគឺសក្តិសមនឹងតម្លៃដ៏ថ្លៃ ដែលផ្តល់នូវផាសុកភាព និងភាពប្រណីតមិនគួរឱ្យជឿដល់ស្តេចស៊ុលតង់។ នៅក្នុងយន្តហោះនេះ មានអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីការិយាល័យធ្វើការ បន្ទប់គេង បន្ទប់ទទួលទានអាហារ បន្ទប់សម្រាប់ធ្វើសន្និសីទ និងកន្លែងផ្សេងៗដូចជាកន្លែងអង្គុយប្រជុំជាដើម។ អ្វីដែលកាន់តែពិសេសទៀតនោះ បន្ទប់ទឹកនៅលើយន្តហោះតម្លៃជិត ៤០០ លានដុល្លារ របស់ទ្រង់គឺធ្វើពីមាស និងផ្នែកខ្លះត្រូវបានស្រោបដោយមាស។ យន្តហោះ 747-400 ដែលជាកំណែអាប់ដេតរបស់យន្តហោះ Boeing 747 អាចផ្ទុកអ្នកដំណើរបានដល់ទៅ ៤១៦ នាក់។
នេះគ្រាន់តែជាយន្តហោះមួយក្នុងចំណោមយន្តហោះជាច្រើនរបស់ព្រះអង្គ ដែលក្នុងនោះមានដូចជា Boeing 767-200, Airbus A340-200 និងឧទ្ធម្ភាគចក្រ Sikorsky យ៉ាងហោចណាស់ពីរគ្រឿងផងដែរ។ Boeing 747-400 ត្រូវបានគេនិយាយថាជាព្រះទីនាំង ដែលទ្រង់ចូលចិត្តបើកដោយផ្ទាល់ ពេលអញ្ជើញយាងចេញទៅក្រៅប្រទេស។ ព្រះអង្គធ្លាប់បានធ្វើការហោះហើរអន្តរជាតិជាច្រើនលើក ហើយយន្តហោះខាងលើនេះ គឺល្អឥតខ្ចោះសម្រាប់ការហោះហើររយៈពេលយូរ។ ស្តង់ដារក្នុងការហោះ របស់ 747-400 មានចម្ងាយ ១៣៤៥០ គីឡូម៉ែត្រ ប៉ុន្តែមានធុងសាំងបន្ថែម ដូច្នេះអាចហោះបានឡើងដល់ ១៥០០០ គីឡូម៉ែត្រ៕