បន្ទាប់ពីមានមន្ទិលលើការរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំខ្មែរ ក្រោយប្រទេសជិតខាងដាក់បញ្ចូល សង្ក្រាន្តក្នុងប្រទេសខ្លួនទៅក្នុងអង្គការ UNESCO នោះ ឥឡូវនេះ រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា នឹងរៀបចំសង្ក្រាន្តរយៈពេល ៤ថ្ងៃ។
តាមរដ្ឋបាលខេត្តបានជូនដំណឹងឲ្យដឹងថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខេត្ត ហៅថា “សៀមរាបសង្ក្រាន្ត” ព.ស២៥៦៧-២៥៦៨ គ.ស២០២៤រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ទីតាំងប្រារព្ធកម្មវិធី គឺធ្វើនៅលើសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។
នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធី កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូន ហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី។ល។
ការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប ជាករណីជាក់ស្ដែង បន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់នៅក្នុងសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថ្មីៗនេះថា ជំនួសឲ្យការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.ស.យ.ក សង្ក្រាន្តឆ្នាំនេះ ជាកិច្ចការរបស់សាមីរាជធានីខេត្តវិញ៕