តំបន់ប៉ូលសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលក្នុងគោលបំណង សម្របសម្រួលការវិនិយោគក្នុងវិស័យជាច្រើន ដើម្បីគាំទ្រដល់ឧស្សាហូបនីយកម្មដែលទ្រទ្រង់ដោយខ្លួនឯងនៅក្នុងប្រទេស។ ប៉ូលសេដ្ឋកិច្ច មានលក្ខណៈស្រដៀងនឹងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយភាគច្រើនត្រូវបានកំណត់លក្ខណៈនៃឧស្សាហកម្មស្នូលក្នុងវិស័យជាក់លាក់ណាមួយ និងច្រវ៉ាក់ឧស្សាហកម្មភ្ជាប់គ្នា។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយធ្វើការគ្រប់ដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន។ គោលបំណងនៃការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នេះផ្តោតសំខាន់លើទំនើបកម្មការផលិត និងកែច្នៃផលិតផលកសិកម្ម និងប្រសិទ្ធភាព។
គួរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតរួចមកហើយ នៅតំបន់ប៉ូលសេដ្ឋកិច្ចចំនួន៣ ដែលក្នុងនោះ រួមមាន៖ ១)ប៉ូលសេដ្ឋកិច្ចទី១ នៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ នយោបាយ។ ររាជធានីភ្នំពេញរីកម្រើនគ្រប់វិស័យទាំងអស់ ដូចជាវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធធំៗ។ ២)ប៉ូលសេដ្ឋកិច្ចទី២ នៅខេត្តព្រះសីហនុ ផ្តោតលើវិស័យទេសចរណ៍ កំពង់ផែ ព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្ម និង ៣)ប៉ូលសេដ្ឋកិច្ចទី៣ នៅខេត្តសៀមរាប ផ្តោតលើវិស័យទេសចរណ៍ ។
សម្រាប់ពេលអនាគតដ៍ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏គ្រោងនឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ដោយយកផ្នែកកសិ-ឧស្សាហកម្ម គឺជាស្នូល ដែលក្នុងនោះរួមមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ផងដែរ។