បានរួចជីវិតពីជំងឺកាចសាហាវ គឺជាភ័ព្វព្រេងសំណាង១ក្នុងចំណោម១លាន ដែល អេង វ៉ាណង បានលើកឡើងថាជារឿងនឹកស្មានមិនដល់ ហើយឥឡូវនេះ អ្វីៗក៏កាន់តែប្រសើរបន្តិចម្ដងៗ ព្រោះនាងទទួលបានការងារវិញហូរហែរថែមទៀត។
តាម វ៉ាណង ប្រាប់ ឡេឌីស៍ បានអោយដឹងថា បន្ទាប់ពីយកឈ្នះជំងឺកាចសាហាវ ពោលគឺព្យាបាលជំងឺបានជាសះស្បើយប្រមាណតែ ២ខែប៉ុណ្ណោះ នាងក៏ចាប់ផ្ដើមមានការងារមកវិញ ដែលអាចអោយនាងរកចំណូលបានមួយផ្នែក គួបផ្សំនឹងមុខរបរផ្នែកសម្អាង ដើម្បីប៉ះប៉ូវចំពោះការបង់លើការចំណាយព្យាបាលជំងឺ និងផ្គត់ផ្គង់ជីវភាពផង។
ថ្មីៗនេះ តារាស្រី បានទទួលការងារសិល្បៈវិញមានដូចជា ថតភាពយន្តអោយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួន។ នេះជាការចាប់ផ្ដើមថ្មី បន្ទាប់ពីជីវិតរួចផុតការគម្រាមរបស់ជំងឺកាចសាហាវ យ៉ាងណា វ៉ាណង ប្រាប់ថា សភាពការងារមិនទាន់វិលមកដូចដើមនៅឡើយ។
អេង វ៉ាណង ថ្លែងថា “ឥឡូវខ្ញុំចាប់ផ្ដើមទទួលបានការងារមកវិញខ្លះហើយ ប៉ុន្តែ វាអត់ទាន់ដូចវេលាមុនយើងឈឺទេបង កាលពីមុនខ្ញុំទទួលគេម្ដង សុទ្ធតែប្រាប់រឿងក្នុងពេលតំណាលគ្នា…តែឥឡូវនេះ គឺទើបមួយៗអីនៅឡើយទេ!”។
បញ្ហានេះ សិល្បការិនីមេម៉ាយកូន ៣ បានបញ្ជាក់ថា ផលិតករ ក៏ដូចជាអ្នកដឹកនាំរឿងនានា ទំនងអាចមិនទាន់ដឹងថា នាងអាចទទួលការងារវិញ ដូច្នេះហើយ គេរង់ចាំមើលស្ថានភាពរបស់នាងជាដើម។
យ៉ាងណា ជាមួយ ឡេឌីស៍ វ៉ាណង ប្រាប់ថា ពេលនេះ សុខភាពនាងអាចនិយាយបានថា ប្រសើរសឹងថា ១០០% ហើយ ហើយ គឺនាង អាចទទួលការងារបានធម្មតា។ ដូច្នេះប្រសិនបើអ្នកដឹកនាំ ឬបងប្អូនផលិតករ មានតម្រូវការចង់បាននាងសម្ដែង គឺអាចទំនាក់ទំនងមកបាន។
អេង វ៉ាណង កើតជំងឺមហារីកសុដន់តំណាក់កាលទី៣។ ដំបូងឡើយ សភាពជំងឺបានផ្ដើមជាមួយដុំសាច់តូចៗលើសុដន់។ ក្រោយមកមានសភាពហើម ក្រោយពេលទៅពេទ្យពិនិត្យ លទ្ធផលមកថា វាជាដុំសាច់កាច ដែលភ្លាមៗធ្វើឲ្យអ្នកនាងស្លុតចិត្តយ៉ាងខ្លាំង។ អ្នកម្ដាយកូន ៣នាក់ ថ្លែងថា “ដំបូងឡើយខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះតូចចិត្តថា មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ហេតុអី វាមកកើតលើយើងអីចឹង…ខ្ញុំពិបាកចិត្ត បាក់ទឹកចិត្តយ៉ាងខ្លាំង”។
ប៉ុន្តែក្រោយមក បានការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន និងការតាំងចិត្តខ្លួនឯងថា ត្រូវតែរស់ដើម្បីកូនទាំង៣ បូកផ្សំនឹងការព្យាបាលមានទាំងការលេបថ្នាំ បាញ់កាំរស្មី និងចាក់សារធាតុគីមីផង ទីបំផុត វ៉ាណង ក៏អាចដណ្ដើមជីវិតពីយមរាជមកបាន៕