កោះប៉ែនគឺជាកោះមួយនៅកណ្តាលទន្លេមេគង្គភាគខាងត្បូងក្រុងកំពង់ចាម។ វាមានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីក្រុងកំពង់ចាម។ កោះនេះមានប្រវែងយ៉ាងច្រើនគីឡូម៉ែត្រនៅតាមបណ្តាយដងទន្លេមេគង្គ។
កោះប៉ែនជាគោលដៅទេសចរណ៍បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេមេគង្គ។ ប្រជាជន ដែលរស់នៅលើកោះប៉ែនប្រកបរបកសិកម្ម នេសាទ និងសិប្បកម្មតាមប្រពៃណីពីដូនតា។ ដំណើរឆ្ពោះទៅកាន់ទឹកដីកោះប៉ែនអ្នកស្រុកត្រូវជិះទូកដរ ឆ្លងកាត់នៅរដូវវស្សា និងឆ្លះតាមស្ពានឬស្សីដ៏វែងនៅរដូវប្រាំង។
កោះប៉ែនមានទេសភាពយ៉ាងស្រស់បំព្រងនាគ្រប់រដូវកាល និងមានវាលខ្សាច់យ៉ាងស្អាតល្អ ដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្ត និងងូតទឹកលេងនៅលើឆ្នេរខ្សាច់នៅរដូវប្រាំង និងទទួលទានអាហារផងដែរ។ នៅលើកោះមានទាំងផលដំណាំជាច្រើន ដែលប្រជាជនរស់នៅទីនោះបានដាំដូចជា ថ្នាំជក់ ដំឡូង ពោត អំពៅ ក្រូចថ្លុង ព្រមទាំងបន្លែជាច្រើន គួរឱ្យគយគន់យ៉ាងរីករាយនៅតាមដងផ្លូវថែមទាំងមានខ្សាល់អាកាសបរិសុទ្ធល្អ៕