កាបូបរូបរាងបំពង់ទ្រវែង ឬដូចទៅនឹងរាងស៊ីឡាំងបានត្រឡប់មកវិញហើយ ហើយនេះជាឱកាសល្អបំផុតក្នុងលេងស្ទីលហ្វេសិនសម្លៀកបំពាក់បែបណាឱ្យស៊ីសង្វាក់គ្នា និងសាកសមឥតខ្ចោះជាមួយនឹងម៉ូតកាបូបដ៏ស៊ីវីល័យប្រភេទនេះ។ មិនថានៅក្នុងវដ្តរដូវណាទេ វាត្រូវបានគេពេញនិយមក្នុងការប្រើប្រាស់ ព្រោះតែរូបរាងតូចទ្រវែង ប៉ុន្តែមានលក្ខណៈទូលាយ ប្រកបដោយការការរចនាឡើងដ៏ស្រស់ស្អាត និងសមត្ថភាពក្នុងការចូលរួមរំលេចម៉ូតសម្លៀកបំពាក់របស់អ្នក។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជានិន្នាការថ្មីទេ ប៉ុន្តែគឺជាការរស់ឡើងវិញមួយ ៖ ប្រភពដើមនៃកាបូបរូបរាងបំពង់ស៊ីឡាំង “The Tube Bag” មានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ 1960 មកម្លេះ។ សព្វថ្ងៃនេះទាំងការរចនាបែបបុរាណ និងសម័យទំនើប គឺមានការប្រទាក់ក្រឡាគ្នាយ៉ាងខ្លាំង ដើម្បីរក្សាទម្រង់ដើមប៉ុន្តែបន្ថែមទម្រង់ម៉ូតថ្មីៗចូលខ្លះ។
តើគួរលេងស្ទីលសម្លៀកបំពាក់បែបណាទៅ ដើម្បីសាកសមជាមួយម៉ូតកាបូបប្រភេទនេះ?
វាសាកសមបំផុតជាមួយខោខូវប៊យជើងវែង និងអាវពាក់កណ្តាលខ្លួន CropTop គួបផ្សំនឹងវ៉ែនតាខ្មៅ ថែមស្បែកជើងប្រភេទ Boots ពណ៌ខ្មៅ គឺអស្ចារ្យណាស់។ មិនថាអ្នកនិយមលេងស្ទីលសំពត់វែង ខ្លឺសុទ្ធតែជាដៃគូដ៏សាកសមនៃម៉ូតកាបូបមួយនេះ អ្នកអាចបន្ថែមអាវធំពីក្រៅដើម្បីរំលេចម៉ូតកាបូបបន្ថែមក៏ជាល្អ។
The Tube Bag ហាក់មើលទៅដូចជាម៉ូតកាបូបសាមញ្ញបន្តិចមែន ប៉ុន្តែវាបានបង្កប់អត្ថន័យហ្វេសិនបុរាណលាយសម័យជាពិសេស។