កម្មវិធីមហោស្រពតន្ត្រី និងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest បានប្រព្រឹត្តឡើងនៅទីក្រុង Chino រដ្ឋ California លើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី14 រហូតដល់ថ្ងៃទី16 ខែ មិថុនា ដោយមានវត្តមានលោក វណ្ណដា ជាអ្នកសម្តែងផ្ទាល់នូវចម្រៀង 15 បទរបស់ខ្លួន ក្នុងរយៈពេលប្រមាណ 2ម៉ោង។
លោក វណ្ណដា មានឈ្មោះពេញថា ម៉ាន់ វណ្ណដា គឺជាតារាចម្រៀងរ៉េប និង HipHop របស់កម្ពុជាបាននាំមកនូវរសជាតិនៃសាច់រឿងកម្ពុជាសម្រាប់អ្នកគាំទ្រចម្រុះជាតិសាសន៍តាមរយៈបទ Time to Rise និងបទ Khmer Blood ដោយលោកបានរៀបរាប់ឡើងថា លោកសរសេរបទ Khmer Blood ឡើង និងយកមកច្រៀងក្នុងកម្មវិធីមហោស្រពតន្រ្តីនេះ ក្នុងគោលបំណងដាក់បង្ហាញទៅកាន់ពិភពលោកឱ្យដឹងថា ខ្មែរគឺជាជាតិសាសន៍ដែលមានចលនាតស៊ូអត់ធ្មត់យ៉ាងស្វិតស្វាញ កូនខ្មែរគ្រប់រូបស្រឡាញ់ជាតិសាសន៍ខ្លួនឯង និងរួបរួមគ្នាថែរក្សាទម្រង់វប្បធម៌តាំងពីដើមមកម្លេះ”។
បន្ថែមពីនេះ លោក វណ្ណដា ក៏បានពាំនាំនូវបទរបស់ខ្លួនឈ្មោះ “Time to Rise” ដែលជាបទចម្រៀងខ្មែរទទួលបានការគាំទ្រ និងការស្តាប់ច្រើនជាគេនៅក្នុងបណ្តាញសង្គមយូធូប យកមកសម្តែងដូចគ្នាដោយបទនេះបានបង្ហាញអំពីរសជាតិនៃសាច់រឿងរបស់ប្រទេសកម្ពុជា និងវប្បធម៌ អរិយធម៌ដ៏សម្បូរបែប ឆ្លុះបញ្ចាំងអំពីឆន្ទៈនៃការតស៊ូរបស់ប្រជារាស្រ្តខ្មែរ អមជាមួយចង្វាក់តន្រ្តីបុរាណលាយលំជាមួយសម័យ ហាក់អន្ទង និងកន្រ្ទាក់អារម្មណ៍អ្នកស្តាប់យ៉ាងពិរោះរណ្តំ។
កញ្ញា Laura Mam ដែលជាម្ចាស់ និងអ្នកគ្រប់គ្រងផលិតកម្មបារមី “Baramey Production” បានថ្លែងឱ្យដឹងថា “ការបង្កើតបទ Time to Rise នេះឡើង គឺក្នុងគោលបំណងឆ្លុះបង្ហាញដល់ប្រជាជនកម្ពុជាអំពីវប្បធម៌ អរិយធម៌ ក៏ដូចជាភាពសម្បូរបែបនៃកម្ពុជាមានកាលអំឡុងមុននឹងកើតសង្រ្គាមក្នុងស្រុកដែលជាប្រវត្តិសាស្រ្តជូរចត់។”
កញ្ញាបានបន្តទៀតថា “បទនេះហាក់ដូចជាសារជម្រុញលើកទឹកចិត្តដល់បងប្អូនកម្ពុជាឱ្យមានស្មារតី និងមហិច្ឆតាក្លាហានចូលរួមស្តារនូវអ្វីដែលជាកេរសម្បត្តិរបស់ខ្លួនធ្លាប់មាន ឱ្យរីកដុះដាលឡើងវិញបង្ហាញទៅកាន់ពិភពលោកជាលក្ខណៈអន្តរជាតិ (Global Stage)”។
កម្មវិធីមហោស្រពតន្ត្រី និងវប្បធម៌ Sabaidee Fest បានរៀបចំឡើងដោយមានគោលដៅលើកកម្ពស់វប្បធម៌ចម្រុះ និងនាំឱ្យមានការផ្លាស់ប្តូរគ្នាទៅវិញទៅនៃសហគម៌អាស៊ីអាគ្នេយ៍យ៉ាងសម្បូរបែប ក៏ដូចជារំលេចឡើងនូវវប្បធម៌ប្រពៃណីដ៏អស្ចារ្យនៃប្រទេសរៀងៗខ្លួននៅឯសហរដ្ឋអាមេរិក ដោយរួមមានការដាក់បង្ហាញតន្រ្តី ប្រពៃណី ម៉ូតសម្លៀកបំពាក់ និងម្ហូបអាហារតាមតំបន់នីមួយៗ។