ផ្កាសាគូរ៉ា ត្រូវបានគេស្គាល់ថាជាអត្តសញ្ញាណរបស់ប្រទេសជប៉ុន ដោយវាបានចងភ្ជាប់ជាមួយប្រវត្តិសាស្ត្រ និងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី។ ផ្កាសាគូរ៉ារបស់ប្រទេសជប៉ុន តំណាងឱ្យភាពស្រស់ស្អាត ភ្លឺថ្លា ជាពិសេសមានទម្រង់រូបរាង និងពណ៌ស្រាលស្រទន់។ កាលដើមឡើយ ផ្កានេះត្រូវបានប្រជាជនចប៉ុនប្រើប្រាសើសម្រាប់ការថ្វាយទេវតាជំនឿងសាសនា ឬប្រើប្រាស់ដើម្បីបញ្ចូលទស្សនវិជ្ជា Wabi-Sabi និងឧត្តមគតិ Shinto នៃភាពមិនស្ថិតស្ថេរ មានក្តីសង្ឃឹម និងងើបបន្តដំណើរមុខជានិច្ច។
ជារៀងរាល់ឆ្នាំ ប្រជាជនជប៉ុនតែងមានទំនៀមទម្លាប់ប្រមូលផ្តុំគ្នា ដើម្បីមើលផ្កាសាគូរ៉ារីកដ៏ស្គុះស្គាយចាប់ពីខែមីនា រហូតដល់ខែឧសភា ដែលជាការចាប់ផ្តើមនៃនិទាឃរដូវ ដោយធ្វើការសង្កេតមើលទៅលើដំណើរការវិវត្តរបស់ផ្កា ពោលគឺការរីកដុះដាលដំបូងរបស់ផ្កា រហូតដល់ផ្កាចាប់ផ្តើមធ្លាក់ចុះម្តងបន្តិចៗ។
បន្ទាប់ពីរយៈពេលខ្លីនៃការរីកដុះដាលពេញលេញ ផ្កាតូចៗដែលឆ្ងាញ់ចាប់ផ្តើមហើរចេញពីដើមឈើយ៉ាងទន់ភ្លន់។ ផ្កានេះត្រូវបានគេនិយាយថាស្រស់ស្អាតបំផុតនៅក្នុងដំណាក់កាលចុងក្រោយនេះ ខណៈពេលដែលផ្កាពណ៌ស និងពណ៌ផ្កាឈូកហោះអណ្តែតមកកាន់ដី។ កំពូលនៃភាពស្រស់ស្អាតរបស់ផ្កានេះ គឺនៅពេលផ្កាចាប់ផ្តើមធ្លាក់ចុះ ព្រោះវាបានផ្តល់ការរំលឹកយ៉ាងមុតមាំថា “ទោះបីជាជីវិតមានភាពស្រស់ស្អាតក៏ដោយ ក៏វាមានលក្ខណៈខ្លី និងមានពេលវេលាកំណត់ជាក់លាក់មួយ” ។
ប្រទេសជប៉ុន ប្រៀបដូចជាផ្ទះនៃដើមឈើសាគូរ៉ា ដែលមានជាងមួយរយប្រភេទ រួមទាំងពូជដើមឈើព្រៃ និងពូជដែលប្រជាជនដាំដុះដោយផ្ទាល់។ រីឯសណ្ឋានរបស់ដើមសាគូរ៉ា ក៏មានភាពខុសប្លែកៗគ្នាផងដែរ ទាំងចំនួនផ្កា ពណ៌នៃផ្កា រូបរាងរបស់ដើមឈើ ពណ៌នៃស្លឹករបស់ដើម។
សម្រាប់ជនជាតិជប៉ុនជាច្រើនមានជំនឿថា ការរីកដុះដាលនៃដើមផ្កាសាគូរ៉ា តំណាងឱ្យដំណើរជីវិតមនុស្ស ការដើរឆ្លងកាត់ និងសេចក្តីថ្លៃថ្នូរ។
ជនជាតិជប៉ុនចូលចិត្តប្រារព្ធពិធីទស្សនាទិដ្ឋភាពនៃផ្ការីកដុះដាល ហើយក៏មានមនុស្សជាច្រើនប្រារព្ធពិធីជប់លៀង “មើលផ្កា” ដែលគេស្គាល់ថាជា “ហាណាមី – Hanami” ដោយសារតែសម្រេស់ដ៏ស្រស់ស្អាត និងភាពអស្ចារ្យរបស់ផ្កាសាគូរ៉ា ទើបធ្វើឱ្យមានឈ្មោះល្បីល្បាញទូទាំងពិភពលោកអំពី “បុណ្យផ្កាសាគូរ៉ា” នៅប្រទេសជប៉ុន។
តំបន់មួយចំនួននៃប្រទេសជប៉ុន ដែលភ្ញៀវទេសចរអាចទៅទស្សនាដើមផ្កាសាគូរ៉ាយ៉ាងស្រស់ស្អាតនៅក្នុងបុណ្យផ្កាសាគូរ៉ា ៖
- ទីក្រុងតូក្យូ – Tokyo
- ទីក្រុងក្យូតូ – Kyoto
- ទីក្រុងអូសាកា – Osaka
- ទីក្រុងហ្វូគូអូកា – Fukuoka