ថៃ ជាប់ជាប្រទេសកំពូលមួយនៅលើពិភពលោក ដែលលើកកម្ពស់ និង ផ្តល់តម្លៃដល់ សហគ្រិនស្រ្តី។ នៅក្នុងឆ្នាំ ២០១៨ ប្រទេសអាស៊ានមួយនេះ ជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោម ៥៧ ប្រទេស សម្រាប់ Mastercard Index of Women Entrepreneurs។ ចំណាត់ថ្នាត់នេះ គេចាត់ថ្នាក់តាមរយៈ ការរីកចម្រើននិងភាពជោគជ័យរបស់សហគ្រិនស្រ្តី នៅក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនេះ សង្គមថៃ ក៏បានជួយជម្រុញ លើកទឹកចិត្ត ដល់សហគ្រិន ហើយបានចាត់ទុកវិស័យនេះជាអទិភាពកំពូលមួយសម្រាប់ប្រទេស។
ជាការពិត វិស័យសហគ្រិនភាព បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសថៃ ដោយមានការចូលរួមជម្រុញនិងជួយគាំទ្រពីថ្នាក់ដឹកនាំផងនោះ ទើបធ្វើឱ្យយុវវ័យមួយភាគធំ ចង់ចាប់ផ្តើមអាជីវកម្ម បែប start-up។ ថ្ងៃនេះ Ladies Magazine សូមលើកសហគ្រិនស្រ្តីថៃ ជោគជ័យម្នាក់ ដើម្បីចែកជូនប្រិយមិត្ត ជ្រាបជាចំណេះដឹង ពីគន្លឺះមួយចំនួន ដើម្បីធ្វើឱ្យអាជីវកម្មមួយ អាចដំណើរការទៅបានដោយជោគជ័យ។
លោកស្រី Julalak Ponpipom បានឈានជើងចូលប្រឡូក ក្នុងវិស័យសហគ្រិនភាព ដំបូងផ្តើមចេញពីការមើលឃើញឱកាសនៅក្នុងទីផ្សារប្រទេសថៃ។ ដោយសង្កេតឃើញថា នៅក្នុងប្រទេសថៃ មិនទាន់មានអាជីវកម្ម កាត់ដេរសម្លៀកបំពាក់ដែលមានគុណភាព សម្រាប់បុរស នៅឡើយ ទើបធ្វើឱ្យលោកស្រី គិតឃើញថានេះជាពេលវេលាល្អ និង សមស្រប សម្រាប់ប្រែក្លាយខ្លួនទៅជាសហគ្រិន ម្នាក់។ Julalak Ponpipom បានបើកក្រុមហ៊ុនមួយឈ្មោះ Button Up ដែលជាសហគ្រាសកាត់ដេរ និង រចនាម៉ូតសម្លៀកបំពាក់ ប្រកបដោយគុណភាព សម្រាប់បុរស។
Button Up ត្រូវបានលោកស្រី Julalak Ponpipom ដឹកនាំទទួលបានជោគជ័យ ដោយក្នុងសព្វថ្ងៃ សហគ្រាសមួយនេះ បង្កើតបានសាខាផ្សេងៗ នៅក្នុងប្រទេសថៃ។ លើសពីនេះ បានប្រែក្លាយពីក្រុមហ៊ុនកាត់ដេរ ដែលមិនសូវមានអ្នកស្គាល់ រហូតក្លាយជាក្រុមហ៊ុនកាត់ដេរ ដែលល្បីឈ្មោះ និង ស្ថិតក្នុងបញ្ជីលំដាប់សម្រាប់ការ រចនាម៉ូតសម្លៀកបំពាក់ សម្រាប់បុរស។ ភាពជោគជ័យក្នុងអាជីវកម្ម របស់ Button Up ស្តែងឱ្យឃើញពីការចេះចាប់ឱកាស និង មើលឃើញចំណុចខ្វះខាតនៅក្នុងទីផ្សារ ដែលមិនទាន់មានអ្នកណាធ្វើ។ មួយវិញទៀត ការផ្តល់ផលិតផល គុណភាពទៅដល់អតិថិជន ក៏ជាកត្តារួមផ្សំ ដែលទាក់ទាញភ្ញៀវកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ និយាយជារួម គុណភាព និង ទំនុកចិត្ត ជាចំណុចចំបង សំខាន់ សម្រាប់អាជីវកម្ម start-up។
គួរបញ្ជាក់ថា លោកស្រី Julalak Ponpipom បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ លោកស្រី ទទួលបានសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សា ជំនាញ Business Marketing ពីសកលវិទ្យាល័យ Carnegie Mellon University និង សញ្ញាប័ត្រថ្នាក់បណ្ឌិត ជំនាញ Advertising ពីសកលវិទ្យាល័យ Boston University៕