យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុកជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។
ទស្សនវិស័យអភិឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,០% ក្នុងឆ្នាំ ២០២៣។ កំណើននេះត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែលវិស័យនេះសម្រេចបានក្នុងឆ្នាំ ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេចបាន។ របាយការណ៍នេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤-២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។អតិផរណាជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្លៃថាមពលអន្តរជាតិ ត្រូវបានព្យាករណ៍ថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល ២ឆ្នាំខាងមុខនេះ។
រាជរដ្ឋាភិបាលគ្រោងអនុវត្តការពង្រឹងការគ្រប់គ្រងថវិកា (fiscal consolidation) ជាបណ្តើរៗចាប់ពីឆ្នាំ ២០២៤ ដើម្បីស្តាឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺរាតត្បាត។ ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។
លោកស្រី Jyotsana Varma មានប្រសាសន៍ថា៖ បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយភាពប្រយ័ត្នប្រយែង។
របាយការណ៍នេះ ក៏ពិភាក្សាផងដែរអំពីការរៀបចំជាយុទ្ធសាស្រ្តរបស់កម្ពុជា សម្រាប់ការឆ្លងផុតពីក្រុមបរទេសអភិវឌ្ឍន៍តិចតួច ( Least-Developed Country ) របស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០២៧។ វាបានកត់សម្គាល់ថា ការឆ្លងផុតនេះនឹងធ្វើអោយប្រសើរឡើងនូវស្ថានភាពកម្ពុជាលើកឆាកអន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន។ ប៉ុន្តែនាពេលជាមួយគ្នានេះដែរ ការឆ្លងផុតនេះ ក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានាដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចខ្ពស់។
ដើម្បីឆ្លងផុតការផ្លាស់ប្តូរនេះប្រកបដោយប្រសិទ្ធភាព របាយការណ៍នេះបានសង្កត់ធ្ងន់ លើសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងពិភពលោក ការធ្វើពិពិធកម្មទីផ្សារដោយផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរករធនធានវិនិយោគក្នុងស្រុក។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្រប់ជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕