កាបូបដៃ ត្រូវបានគេចាត់ទុកជាគ្រឿងលម្អខ្លួន សម្រាប់នារី ដែលស្ទើរតែខ្វះមិនបាន។ កាបូប បានស្ថិតនៅក្នុងបេះដូងនារីគ្រប់រូប ដែលវាជារបស់មួយដែលអាចនិយាយបានថា លើសពីគ្រឿងសម្រាប់របស់របរ។ កាបូប ដើរតួនាទី បង្ហាញពីស្ទីលលេងខ្លួន របស់នារីម្នាក់ៗ តាមរយៈម៉ូតកាបូបដែលនារីប្រើប្រាស់ខុសៗពីគ្នា។ មានមូលហេតុមួយចំនួន ដែលធ្វើឱ្យកាបូបក្លាយជារបស់សំខាន់ និង ដក់ជាប់នៅក្នុងបេះដូងរបស់ស្រ្តី។
1. ការបង្ហាញពី ហ្វេស្សិន
កាបូបដៃ គឺជារបស់មួយដែលស្រ្តីអាច បង្ហាញពីចរិតលក្ខណៈនៃស្ទីលលេងខ្លួនរបស់ពួកគេម្នាក់ៗ។ ការជ្រើសរើសកាបូបមួយដែលត្រឹមត្រូវ នឹងជួយបង្កើនសម្រស់ outfit ឱ្យកាន់តែលេចធ្លោ និង ទាក់ទាញ។

2. អាចយកចូលរួមបានគ្រប់កម្មវិធី
កាបូបដៃ គេផលិតឡើងមកមានគ្រប់ទំហំ គ្រប់រូបរាង និង គ្រប់ម៉ូត ដែលធ្វើឱ្យនារី អាចយកវាជាប់ខ្លួន ដើម្បីចូលរួមបានគ្រប់កម្មវិធីទាំងអស់។ មិនថាតែពេលទៅធ្វើការ ទៅចូលមង្គលការ ទៅដើរលេង ឫ ទៅមើលកុន គឺ នារីអាចជ្រើសរើសម៉ូតកាបូប ផ្សេងៗគ្នា ដើម្បីឱ្យស័ក្តិសមជាមួយនឹងកម្មវិធីទាំងនោះ។
3. អាចរៀបចំដាក់ប្រដាប់ប្រដា បានរៀបរយ
ស្រ្តីគ្រប់រូប ពិតជាពេញចិត្តចំពោះកាបូបដៃ ព្រោះក្នុងកាបូបមួយតែងមាន កន្លែងសម្រាប់ដាក់របស់របរ ដាច់ដោយឡែកពីគ្នា ធ្វើឱ្យស្រ្តីអាចទុកដាក់បានយ៉ាងមានរបៀប និង ងាយស្រួលយកចេញ នៅពេលណាដែលត្រូវការប្រើប្រាស់របស់ទាំងអស់នោះ។
4. ជួយបង្កើនភាពជឿជាក់
ការកាន់កាបូបដែលមានភាព stylish នឹងជួយបង្កើនភាពជឿជាក់សម្រាប់ស្រ្តីទ្វេដង។ ស្រ្តីដឹងថាខ្លួនកំពុងកាន់របស់មួយដែលពោលពេញទៅដោយប្រដាប់ប្រដា ដែលត្រូវការ ហើយបូករួមជាមួយភាពស៊ីវិល័យនៃកាបូបរបស់ខ្លួនទៀតនោះ ប្រាកដណាស់ថា កាបូប ពិតជាដើរតួនាទីលើសពីគ្រឿងលម្អខ្លួន។
5. ការបង្ហាញពីឧត្តមភាព
ស្រ្តីដែលប្រើប្រាស់កាបូបដែលមានភាពប្រណិត និង ត្រូវបានរចនាដោយប្រ៊េនល្បីៗនៅលើពិភពលោក គឺបង្ហាញពីឧត្តមភាព និង ភាពជោគជ័យរបស់ខ្លួន។ ការប្រើកាបូបប្រណិតថ្លៃៗ បង្ហាញថាស្រ្តីនោះ គឺជាបុគ្គលពិសេស ហើយស្រ្តីក៏មានមោទកភាពចំពោះខ្លួនឯង ដែលអាចមានសមត្ថភាពប្រើរបស់ថ្លៃៗ។
6. ការបង្ហាញពីមនោសញ្ចេតនា
កាបូប សម្រាប់ស្រ្តី ពិតជាអត្ថន័យធំធេង និងមិនអាចកាត់ថ្លៃបាន នៅពេលណាដែលកាបូបនោះ ត្រូវបានជូនជាកាដូ ពីគូស្នេហ៍ ឫ ទទួលបាននៅក្នុងវេលាពិសេសណាមួយ។ ដូចដែលពាក្យគេធ្លាប់និយាយថា ឃើញរបស់ នឹកឃើញដល់ម្ចាស់អ្នកទិញឱ្យ។