តារាស្រីដែលពោរពេញដោយទេពសកោល្យ និងមានសិល្បៈពេញខ្លួន មាន សូនីតា ដែលមិនធ្លាប់រៀនជំនាញខាងឌីហ្សាញទាល់តែសោះ ប៉ុន្តែអាចរចនាម៉ូតសំលៀកបំពាក់ធ្វើពីក្រមាខ្មែរបានយ៉ាងស្អាត សមនឹងស្ទីលរបស់យុវជនសម័យថ្មី។
មាន សូនីតា បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រចំនួន ២មហាវិទ្យាល័យ គឺ គណនេយ្យ និង Business Administration។ ប៉ុន្តែមកដល់បច្ចុប្បន្ន នាងមិនបានប្រើជំនាញនេះទាល់តែសោះ ប៉ុន្តែបែរជាធ្វើច្រើនលើការងារឌីហ្សាញ ដែលនាងមិនធ្លាប់រៀនទៅវិញ។
ជាក់ស្ដែងម៉ូតសំលៀកបំពាក់ជាច្រើនម៉ូត ត្រូវបានតារាស្រីដែលមានរហស្សនាម រាជនីក្រមា ច្នៃចេញមក ហើយដាក់លក់ជូនប្រិយមិត្ត ពិសេសពលរដ្ឋខ្មែរ សម្រាប់ស្លៀកដើរលេងនារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងមកដល់នៅពាក់កណ្ដាលខែមេសាខាងមុខនេះ។
ឈុតច្នៃពីក្រមាខ្មែរនេះ មានទាំងខោ អាវ និងសំពត់ ដែលមួយៗ គឺជាការសម្រិតសម្រាំងរបស់ សូនីតា ផ្ទាល់។ តារាស្រី ប្រាប់ថា នាងបានគិតម៉ត់ចត់ណាស់លើការចេញម៉ូតនីមួយៗ ក្នុងនោះសូម្បីតែការរើសសាច់ និងក្រឡារបស់ក្រមា ក៏នាងសម្រិតសម្រាំងណាស់ដែរ។
សូនីតា បញ្ជាក់ថា នាងចង់ឃើញយុវជនខ្មែរស្លៀកខោអាវក្រមាខ្មែរនេះដើរលេងចូលឆ្នាំ ជំនួសអោយសំលៀកបំពាក់នាំចូលពីប្រទេសជិតខាងដូចបណ្ដាឆ្នាំកន្លងមក។
ជាការកត់សម្គាល់ ខោអាវក្រមាខ្មែររបស់ មាន សូនីតា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន។ យ៉ាងការជាវជាក់ស្ដែង តារាស្រីប្រាប់ថា ចំនួននៅមានកម្រិតនៅឡើយ។ នាងថា បងប្អូនប្រជាពលរដ្ឋភាគច្រើន យល់ថាតម្លៃ ៣២០០០ ដែលនាងដាក់លក់ គឺថ្លៃ។ ប៉ុន្តែតាមពិត នាងលក់ទាំងមិនចំណេញប៉ុណ្ណោះ។
នាងថា ការដែលនាងនៅបន្តលក់ គឺដូចហ្នឹងខាងលើ គឺនាងចង់ឃើញយុវជនស្លៀកខោអាវក្រមាខ្មែរដើរលេងចូលឆ្នាំ និងទី២ គឺចង់ឲ្យមានការងារធ្វើដល់ស្ត្រីសហគមន៍។ ជាក់ស្ដែងបច្ចុប្បន្ន សូនីតា បានផ្ដល់ការងារ ដែលអាចរកកម្រៃទ្រទ្រង់ជីវភាពដល់ ស្ត្រីសហគមន៍ចំនួន ១០រួចហើយ។
តារាស្រី បញ្ជាក់ថា ប្រសិនបើមានការបញ្ជាទិញនឹងកើនឡើង នាងនឹងអាចទទួលបានថ្លៃដើមទាប ហើយនាងក៏អាចលក់ក្នុងតម្លៃធូរជាងនេះទៅអតិថិជនដែរ៕