ការជូនអំណោយផ្កា គឺជាវិធីដែលបង្ហាញអំពីសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគិតគូរដើម្បីបង្ហាញនរណាម្នាក់នូវទំហំចិត្តដ៏ធំធេងរបស់អ្នកយកចំពោះពួកគេ។ ផ្កាកុលាបពណ៌ក្រហមជាផ្ការ៉ូមែនទិកបំផុត ខណៈមនុស្សជាច្រើនតែងជូនផ្កាកុលាបជាអំណោយទៅដល់មនុស្សដែលខ្លួនស្រឡាញ់ ដើម្បីបង្ហាញអំពីមនោសញ្ចេតនា ភាពស្មោះត្រង់ និងទំហំចិត្តនៃសេចក្តីស្រឡាញ់យ៉ាងមុតមាំ ជាពិសេសជូនចំពោះមនុស្សស្រី។
នៅក្នុងវចនានុក្រមនៃផ្កា ផ្កាកុលាបក្រហមត្រូវបានឱ្យនិយមន័យថា “សេចក្តីស្នេហា” ដែលតំណាងឱ្យសេចក្តីស្រឡាញ់ ចំណង់ចំណូលចិត្ត មនោសញ្ចេតនាល្អៗ និងការលះបង់ទៅកាន់គនាដោយសុច្ចរិត។ វាត្រូវបានគេប្រើប្រាស់ប្រកបដោយមោទនភាពយ៉ាងពេញលេញ ជំនួសពាក្យថា “ខ្ញុំស្រឡាញ់អ្នក” នៅពេលដែលការនិយាយពាក្យសំដីមនោសញ្ចេតនាបែបនេះត្រូវបានគេចាត់ទុកថាមិនសមរម្យក្នុងសង្គមមនុស្សរស់នៅ។
អត្ថន័យនៃផ្កាកុលាបទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងស្ទើរតែគ្រប់វប្បធម៌នៅជុំវិញពិភពលោកអស់ជាច្រើនសតវត្សមកហើយ។ ថ្វីត្បិតតែផ្កាកុលាបក្រហមត្រូវបានគេស្គាល់ជាទូទៅថាជានិមិត្តរូបនៃក្តីស្រលាញ់ និងស្នេហាក៏ដោយ ក៏នៅមានផ្កាកុលាបពណ៌ផ្សេងៗទៀតដែលមានអត្ថន័ និងការបង្ហាញខុសៗគ្នាទៅកាន់មនុស្សខ្លួនស្រឡាញ់។
មិនថាអ្នកកំពុងស្វែងរកផ្កាកុលាប ដើម្បីជូនទៅកាន់មនុស្សជាទីស្រឡាញ់ក្នុងឱកាសខួបអាពាហ៌ពិពាហ៌ បង្ហាញនូវសេចក្តីស្រឡាញ់ ពិធីខួបកំណើត ឬគ្រាន់តែចង់ជូនមនុស្សជាទីស្រឡាញ់ឱ្យមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាមួយការដឹងគុណ អ្នកគួរតែស្វែងយល់អំពីអត្ថន័យនៃពណ៌នីមួយៗនៅពីក្រោយផ្កាកុលាបទាំងអស់។
- ផ្កាកុលាបពណ៌ស (White Roses)
ពណ៌សគឺតំណាងឱ្យភាពបរិសុទ្ធ និងការនឹករលឹកគុណ ហើយនេះប្រហែលជាមូលហេតុដែលពួកវាក្លាយជាផ្កាដ៏ពេញនិយមនៅក្នុងពិធីអាពាហ៍ពិពាហ៍ ខណៈដែលវាឆ្លុះបញ្ចាំងអំពីសេចក្តីស្នេហាវ័យក្មេង និងភាពស្មោះត្រង់ដែលគ្មានកល្បល្បិច។
- ផ្កាកុលាបពណ៌ទឹកក្រូច (Orange Roses)
អត្ថន័យនៃផ្កាកុលាបពណ៌ទឹកក្រូច គឺភាពរីករាយ និងថាមពលខ្លាំងក្លា។ ដូច្នេះពួកគេគឺជាផ្កាដ៏ល្អឥតខ្ចោះដើម្បីផ្ញើសម្រាប់ការផ្សព្វផ្សាយ និងការងារថ្មី។ គ្មានអ្វីចម្លែកទេដែលផ្កាកុលាបពណ៌ទឹកក្រូចត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពីការកោតសរសើរ និងការអបអរសាទរ នៅពេលដែលមនុស្សជាស្រឡាញ់ទទួលបានជ័យជំនះនូវរឿងអ្វីមួយ។
- ផ្កាកុលាបពណ៌ផ្កាឈូក (Pink Roses)
ផ្កានេះបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅកាន់មនុស្សដែលអ្នកនឹកដឹងគុណ និងកោតសរសើរនៅក្នុងជីវិតរបស់អ្នក។ អ្នកអាចជូនកុលាបពណ៌ផ្កាឈូក ទៅកាន់គ្រួសារ សាច់ញាតិ មិត្តជិតស្និទ្ធិ ដើម្បីបង្ហាញអំពីការកោតសរសើរទៅកាន់ពួកគេ។
- ផ្កាកុលាបពណ៌លឿង (Yellow Roses)
ពណ៌នេះតំណាងឱ្យភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងបំផុត ពួកវាត្រូវបានគេស្គាល់ជាទូទៅថាជា “ផ្កាតំណាងមិត្តភាព” គឺតំណាងឱ្យសេចក្តីអំណរដែលមិត្តជិតស្និទ្ធិបានផ្តល់ឱ្យអ្នក។
- ផ្កាកុលាបពណ៌ស្វាយ (Purple Roses)
ក្នុងនាមជាផ្កាមួយប្រភេទដ៏កម្របំផុតមួយនៅជុំវិញពិភព ផ្កាកុលាបពណ៌ស្វាយបានតំណាងឱ្យភាពទាក់ទាញ ភាពថ្លៃថ្នូរ និងសេចក្តីស្នេហាកើតមានឡើងពេលជួបជាលើកដំបូង។ ដោយសារផ្កាកុលាបពណ៌នេះពិបាកក្នុងការស្វែងរក ដូច្នេះប្រសិនបើអ្នកទទួលផ្កាកុលាបពណ៌ស្វាយពីនរណាម្នាក់ គេច្បាស់ជាគិតអំពីអ្នកខ្លាំងណាស់!