រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជំរុញការចូលរួមរបស់ស្ត្រីទាំងក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច រួមទាំងការទទួលបានអត្ថប្រយោជន៍ផងដែរ ពិសេសអត្ថប្រយោជន៍របស់កម្មការិនីពេលសម្រាកលំហែមាតុភាព។
តាមការថ្លែងសុន្ទរកថា អបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា អត្ថប្រយោជន៍កម្មការិនី សម្រាកលំហែមាតុភាព ៣ខែ ទទួលបានប្រាក់បៀវត្ស ១២០%។
លើសពីពួកគេនឹងទទួលបានប្រាក់បូកបន្ថែមជាជំនួយរាជរដ្ឋាភិបាល ចំនួន៤០ម៉ឺនរៀលសម្រាប់ការសម្រាលកូនម្នាក់។ ប្រសិនសម្រាលកូនភ្លោះ២នាក់ ទទួលបាន៨០ម៉ឺនរៀល និងភ្លោះ៣នាក់ ១២០ម៉ឺនរៀល បូកជាមួយ សម្ដេចតេជោ ៥លានរៀលទៀត។
ការយកចិត្តទុកដាក់នេះ គឺបន្តពីកេរមរកតរបស់រាជរដ្ឋាភិបាលមុន និងជាចំណុចអាទិភាព១ក្នុង
យុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ដែលកំណត់យកជាអាទិភាពលើ៥ចំណុច គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
រាជរដ្ឋាភិបាលបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ក្មេងស្រីនៅគ្រប់វិស័យក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈបង្កើនភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាប័ន៕