សម្រស់ នៃរង្វង់ផ្ទៃមុខ សក់ និងស្បែករូបរាងកាយ គឺពិតជាសំខាន់ចំពោះស្រ្តីគ្រប់រូប។ ប្រសិនបើស្រ្តីមិនយកចិត្តទុកដាក់ក្នុងការមើលថែរក្សា ឬងាកទៅចាប់អារម្មណ៍លើទម្លាប្រចាំថ្ងៃដែលខ្លួនបានប្រព្រឹត្តនោះទេ ស្ត្រីច្បាស់ជាមានសម្រស់ចាស់ជាងវ័យជាក់ជាមិនខាន។
របបអាហារ អាចរាប់ចូលជាកត្តាសំខាន់មួយចំពោះស្ត្រី ប៉ុន្តែប្រសិនបើស្ត្រីមិនព្រមផ្លាស់ប្តូរទម្លាប់អាក្រក់ខ្លះៗក្នុងការរស់នៅប្រចាំថ្ងៃទេ នោះរបបអាហារជីវជាតិ និងវីតាមីន កូឡាជែន ទាំងអស់ដែលបានបរិភោគ ពិតជាមិនអាចជួយអ្វីអ្នកបានឡើយ។
ឡេឌីស៍សូមណែនាំនូវទម្លាប់មួយចំនួន ដែលអាចជួយអ្នកឱ្យមានសម្រស់ក្មេងជាងវ័យដោយមិនដឹងខ្លួន។ សូមអានអត្ថបទខាងក្រោម ៖
ប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ
ប្រសិនបើអ្នកមានទម្លាប់ចេញទៅក្រៅជាញឹកញាប់ សូមប្រើប្រាស់ឡេការពារកម្តៅថ្ងៃឱ្យបានជាប់លាប់ និងគ្រប់គ្រាន់ ដើម្បីការពារស្បែករបស់អ្នកពីការដុតកម្លោចដោយកម្តៅ UV របស់ព្រះអាទិត្យ។ រលាកស្បែក អាចបង្កឱ្យកើតមានមុន ស្នាមអុចៗ (អាចម៍រុយ) និងស្នាមជ្រីវជ្រួញកើនលឿនជាងវ័យ។ លើសពីនេះ កម្តៅ UV ព្រះអាទិត្យអាចបង្កឱ្យស្បែកអ្នកមានកំណើនហានិភ័យនៃ ជំងឺមហារីកស្បែក។
សម្អាតស្បែកមុខឱ្យបានស្អាតល្អ
ជាធម្មតា ស្ត្រីតែងតុបតែងមុខជាមួយគ្រឿងសម្អាង ដូច្នេះហើយសូមប្រាកដថាលាងសម្អាតស្បែកឱ្យបានស្អាតត្រឹមត្រូវ នៅពេលមុនចូលគេង។ ធាតុផ្សំនៅក្នុងគ្រឿងសម្អាងមិនមែនសុទ្ធតែល្អនោះទេ ម្យ៉ាងទៀតនៅពេលអ្នកចេញក្រៅ ស្បែកត្រូវប៉ះជាមួយធូលី និង បាក់តេរីមេរោគជាច្រើន ជាហេតុបង្កឱ្យស្បែកមុខកើតមានជ្រួញជារឿយៗ។
កាត់បន្ថយស្ត្រេស
ស្រ្តេស មិនត្រឹមតែបង្កការប៉ះពាល់ដល់ផ្នែកផ្លូវអារម្មណ៍ទេ ស្រ្តេស ក៏ជាផលប៉ះពាល់ដល់សុខភាពស្បែកមុខ និងដងប្រាណដូចគ្នា។ យោងតាមការសិក្សារបស់ វេជ្ជបណ្ឌិតផ្នែកសុខភាពស្បែក បានឱ្យដឹងថា ជំងឺមួយចំនួនដូចជា ជំងឺស្បែករបកក្រហម និងជំងឺរលាកស្បែក atopic dermatitis (eczema) ជារឿយៗលេចឡើងរោគសញ្ញាលើកដំបូងនៅពេលដែលនរណាម្នាក់មានអារម្មណ៍តានតឹងខ្លាំង។ ស្រ្តេស ក៏អាចនាំឱ្យមានការកើតមុន ស្បែកឡើងក្រហម មុខជ្រីវជ្រួញ។
របបអាហារល្អ
ទម្លាប់ទទួលទានអាហារដែលសម្បូរជីវជាតិ និងវីតាមីន រួមមាន បន្លែបៃតង ផ្លែឈើ និងអាហារសុខភាពផ្សេងទៀត។ កំណត់ពេលវេលាបរិភោគឱ្យបានត្រឹមត្រូវ និងកុំព្យាយាមបរិភោគអាហារបំពងខ្លាញ់ និងអាហារផ្ទុកជាតិស្ករច្រើន ព្រោះអាហារទាំងនោះបានពន្លឿនដំណើរនៃការវិវត្តស្បែកមុខអ្នកឱ្យចាស់ជាងវ័យលើសពីការរំពឹងទុក។