លោក អូលីវ៉ា គង់ ស្ថាបនិក អ្នកបង្កើតកម្មវិធីដើរម៉ូតលំដាប់ប្រទេស Cambodia’s Queen of The Catwalk បានបង្ហើបឱ្យដឹងពីមហិច្ឆតារបស់លោក ក្នុងការឈានទៅបង្កើតកម្មវិធីដើរម៉ូតលំដាប់អាស៊ាន នាថ្ងៃខាងមុខ។ នេះបើតាមការថ្លែងរបស់លោក ប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីសន្និសិទ្ធកាសែតជាមួយម្ចាស់ជ័យលាភី និង បេក្ខនារីឆ្នើម 4 រូបផ្សេងទៀត នៅសណ្ឋាគារ Hyatt Phnom Penh។
តារាម៉ូដែល ទៀន គីមចេង ដែលជាម្ចាស់ម្កុដនៃកម្មវិធី Cambodia’s Queen of The Catwalk បានបង្ហាញអារម្មណ៍រំភើបរីករាយ និង មានមោទកភាពចំពោះខ្លួនឯង បន្ទាប់ពីបានសម្រេចក្តីបំណងរបស់ខ្លួនមួយនេះ។ កញ្ញា ជាមនុស្សម្នាក់ធ្លាប់បាក់ចិត្តទឹកចិត្ត នៅក្នុងផ្លូវជីវិតដែលខ្លួនធ្លាប់ដើរ ប៉ុន្តែតារាម៉ូដែលរូបនេះ បានងើបមកវិញដោយថាមពលជម្រុញទឹកចិត្តពីក្នុងខ្លួន ក៏ដូចជាមនុស្សនៅជុំវិញខ្លួន។ គីមចេង កើតនៅក្នុងគ្រួសារមិនសូវធូរធារ ហើយបានព្យាយាមសិក្សារៀនសូត្រ ដោយមានជំនឿជឿជាក់ថា មានតែចំណេះវិជ្ជាប៉ុណ្ណោះ ដែលអាចកែប្រែវាសនារបស់មនុស្សម្នាក់ៗបាន។
និយាយទាំងអួរដើមក ម្ចាស់ជ័យលាភីនៃកម្មវិធីដើរម៉ូតលំដាប់ប្រទេសរូបនេះ ក៏បានបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះវិស័យកសិកម្មរបស់កម្ពុជា ដោយមានក្តីសង្ឃឹមថាឆាប់ៗ កញ្ញា នឹងអាចចុះជួយទៅដល់វិស័យនេះ។ ទន្ទឹមនឹងនេះ វិស័យកសិ-ឧស្សាហកម្ម ក៏ជាក្តីប៉ងប្រាថ្នារបស់កញ្ញា ដើម្បីចូលរួមជួយដើម្បីសង្គមជាតិផងដែរ។
ដោយឡែក បេក្ខនារីឆ្នើមទាំង 4 រូបផ្សេងទៀតនៅក្នុងកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី 1 បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនក្នុងការចូលរួមជួយដល់សហគមន៍ និង សង្គមជាតិដូចគ្នាដើម្បីបណ្តុះទឹកចិត្តដល់ក្មេងជំនាន់ក្រោយ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ។ ម្ចាស់ជ័យលាភី និង Top 4 បានបេ្តជ្ញាចិត្តដើរតាមការដឹកនាំរបស់ លោក អូលីវ៉ា គង់ ក្នុងការចូលរួមក្នុងកម្មវិធីសប្បុរសធម៌នានា នៅតាមសហគមន៍ និង នៅតាមសាលារៀនជាដើម៕