លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ រួមនឹងសិល្បករខ្មែរច្រើនរូបទៀតបានបញ្ចប់បេសកកម្មនៅលើកម្រាលព្រំក្រហមទីក្រុងកានប្រទេសបារាំង ស្របពេលសាមីខ្លួនបានអះអាងថា លោករីករាយ និងមោទកភាពណាស់ដែលបាននាំយកសិល្បៈវប្បធម៌ដូនតាទៅបង្ហាញពិភពលោក។
លោក អូលីវ៉ា បាននាំយកឈុតសំលៀកបំពាក់ច្នៃដោយកូនខ្មែរ២ ឈុត ឆ្ពោះទៅកម្រាលព្រំក្រហមដ៏មានកិត្យានុភាពរបស់ Cannes។ ថ្ងៃដំបូងបំផុតនៅលើកម្រាលព្រំ លោក បានបង្ហាញឈុត រយលានអត្ថន័យ ឫ Millions Followers។
រូបភាព៖ gettyimages
ថ្ងៃបន្ទាប់ លោកបានបង្ហាញឈុត គឺ “ឈុតសមរាត្រីបរមវិស្ណុលោក” ដែលច្នៃបង្កប់សិល្បៈវប្បធម៌ខ្មែរដ៏ល្អឯក។ ឈុតនេះច្នៃផ្សំចេញពីសិល្បៈស្បែកធំ កូរសមុទ្រទឹកដោះ និងព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត ឬហៅម្យ៉ាងទៀតថា Equinox។
ឈុតនេះទាំងស្អាត និងមានអត្ថន័យ ដោយបានធ្វើអោយពលរដ្ឋកម្ពុជាសម្ដែងការសាទរភាគច្រើន។ ក្រៅពីនេះ ក៏មានសារព័ត៌មានធំៗរបស់ ចក្រភពអង់គ្លេស និងអ៊ីតាលី ក៏បានធ្វើការចាប់អារម្មណ៍ដែរ។
រូបភាព៖ FAB UK Magazine
D Fashion Magazine ទស្សនាវដ្ដីអនឡាញធំមួយរបស់ អ៊ីតាលី ដែលមានមូលដ្ឋានផ្សាយនៅ ឌូបៃ និងប្រទេសអារ៉ាប់រួម បានដាក់ចំណងជើងថា “ម៉ែន សីហា(អូលីវ៉ា គង់) គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះរបស់កម្ពុជា”។
ចំពោះបញ្ហានេះ លោក អូលីវ៉ា លើកឡើងថា លោកពិតជារំភើបរីករាយមែនទែន។ “រំភើបចិត្តណាស់ ពិភពលោកចាប់ផ្ដើមទទួលស្គាល់ពីភាពអស្ចារ្យរបស់កម្ពុជាហើយ”។
អូលីវ៉ា គឺជាសិល្បករកម្ពុជាទី២ ដែលទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានរបស់អឺរ៉ុប។ នៅមុននេះ មាន សូនីតា ក៏ធ្វើបានដូចគ្នា តាមរយៈឈុត “រាជិនីក្រមាយ័ន្តខ្មែរ” ដោយសារព័ត៌មានចក្រភពអង់គ្លេស Dailymail និងសារព័ត៌មានប្រចាំតំបន់របស់បារាំង Nice martin៕