ដំណក់ទឹក ជាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មកជាទឹកដោះគោគ្រាប់ស្វាយចន្ទី ក្នុងនាមជាអាជីវកម្ម start-up មានចក្ខុវិស័យធ្វើជាគំរូដល់កសិករ និងខ្មែរយើងក្នុងការឲ្យតម្លៃដល់ផលិតផលកសិកម្មខ្មែរ និងធ្វើការកែច្នៃវាឲ្យបានចូលដល់ទីផ្សារជាតិ និងអន្តរជាតិ។
កញ្ញា អ៊ុន ស្រីនាង ប្រធានផ្នែកអភិវឌ្ឈអាជីវកម្ម និងទំនាក់ទំនង របស់ ដំណក់ទឹក បានថ្លែងប្រាប់ ឡេឌីស៍ ឱ្យដឹងថា “មូលហេតុដែលយើងចាប់ផ្តើម ដំណក់ទឹក គឺដោយសារយើងឃើញថាកសិករដាំស្វាយចន្ទីនៅខេត្តរតនគិរី រួមទាំងប៉ារបស់ខ្ញុំផ្ទាល់ ពិតជាមានការពិបាកយ៉ាងខ្លាំង ជាមួយនឹងតម្លៃទីផ្សារ។ ដូច្នេះហើយ គ្រួសាររបស់ខ្ញុំគិតថា ពួកយើងគួរតែរិះរកវិធី ដើម្បីដោះស្រាយបញ្ហានេះ។ បងស្រីរបស់ខ្ញុំស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណិត ពីការកែច្នៃគ្រាប់ស្វាយចន្ទី និង រិះរកវិធីក្នុងការបង្កើន តម្លៃទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទី។ ហេតុនេះ ហើយបានជាពួកយើងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី មកជាទឹកដោះគោគ្រាប់ស្វាយចន្ទី”។
ស្រីនាង បន្ថែមថា “ទឹកដោះគោគ្រាប់ស្វាយចន្ទី មានរសជាតិឆ្ងាញ់ ការកែច្នៃថ្មីសម្រាប់ទីផ្សារ និងជាពិសេសនោះអាចមានតម្លៃជាងការលក់តែចន្ទីស្រស់ ឬ ចន្ទីលីង”។
ចាប់ផ្តើមពីអាជីវកម្ម start-up ដំណក់ទឹក មានគោលដៅសំខាន់ផ្តោតទៅលើការកែច្នៃផលិតផលកសិកម្មខ្មែរ ជាពិសេសសម្រាប់អ្នកដែលមិនអាចហូបជាតិ lactose បាន។ ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាជីវកម្មមួយនេះ ចង់ធ្វើជាគំរូដល់កសិករ និងប្រជាជនខ្មែរក្នុងការឲ្យតម្លៃដល់ផលិតផលកសិកម្មក្នុងស្រុក និងធ្វើការកែច្នៃវា ឲ្យបានចូលដល់ទីផ្សារជាតិ និងអន្តរជាតិ។
“កត្តាដែលជុំរុញចិត្តពួកយើងក្នុងការចាប់ផ្តើមអាជីវកម្ម start-up ព្រោះខ្ញុំមានចំណាប់អារម្មណ៍លើវិស័យមួយនេះ តាំងពីខ្ញុំបានសិក្សានៅអនុវិទ្យាល័យមកម្ល៉េះ។ តាំងពីពេលនោះមក ខ្ញុំចុះឈ្មោះសម្រាប់ការប្រកួត ចូលរួមកម្មវិធីដែលបង្រៀនដល់ខ្ញុំជាច្រើន ហេតុនេះហើយបានជាខ្ញុំនាំបងស្រី និងគ្រួសាររបស់ខ្ញុំសាកល្បងហើយពួកគាត់ពិតជាចូលចិត្ត និងជាប់ចិត្តស្រលាញ់យ៉ាងខ្លាំង”។ នេះបើតាមការថ្លែងប្រាប់ពីស្រីនាង មកកាន់ ឡេឌីស៍។
ស្រីនាង បន្តទៀតថា “Start-up អាចមានបញ្ហាដែលត្រូវដោះស្រាយជាច្រើន ប៉ុន្តែវានឹងជួយដល់សង្គម។ ពួកយើងនៅតែខិតខំក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ។ នេះហើយជាលក្ខណះពិសេសដែលពួកយើងចូលចិត្តបំផុស”។ គិតមកទល់ពេលបច្ចុប្បន្ននេះ ដំណក់ទឹក សម្រេចបាននូវការកែច្នៃ បង្កើតបានផលិតផលក្នុងស្រុកមួយដែលមានរសជាតិឆ្ងាញ់ និង ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព ជាពិសេសដល់អ្នកដែលហូបទឹកដោះគោមិនបាន។ អ្នកដែលចង់សាកភ្លក់នូវរសជាតិថ្មីនៃផលិតផលទឹកដោះគោគ្រាប់ស្វាយចន្ទី ក៏ដូចជាគាំទ្រនូវស្នាដៃកូនខ្មែរ អាចរកទិញបាននៅលើអនឡាញ និង Nham24។
ជំហានបន្ទាប់របស់ដំណក់ទឹក គឹធ្វើការសហការជាមួយហាងកាហ្វេ ដាក់ទឹកដោះគោចន្ទីជំនួសទឹកដោះគោធម្មតា។ នេះអាចចាត់ទុកបានថា ជាឱកាសក្នុងការណែនាំដល់ភ្ញៀវ និង មនុស្សជាច្រើនទៀត ឲ្យបានស្គាល់ទឹកដោះគោគ្រាប់ស្វាយចន្ទី ក្នុងការសាកល្បងរសជាតិថ្មី។
ជាចុងបញ្ចប់ កញ្ញា អ៊ុន ស្រីនាង បានប្រាប់ឱ្យដឹងថា “នៅថ្ងៃអនាគត ពួកយើងសង្ឃឹមថា ទឹកដោះគោគ្រាប់ស្វាយចន្ទី និងម្សៅទឹកដោះគោគ្រាប់ស្វាយចន្ទី នឹងក្លាយជាទម្លាប់ថ្មីក្នុងការទទួលទានរបស់គ្រួសារខ្មែរយើង ដែលពួកគាត់អាចរកបាននៅគ្រប់ហាងកាហ្វេ ផ្សារទំនើបទាំងអស់ទូទាំងប្រទេស។ មិនថែមតែប៉ុណ្ណោះ យើងសង្ឃឹមថានឹងអាចនាំចេញទៅទីផ្សារអន្តរជាតិផងដែរ ព្រោះនេះគឺជាឱកាសក្នុងផ្សព្វផ្សាយផលិតផលខ្មែរទៅពិភពលោក”៕