មិត្តនារីៗ កាលណាវ័យកាន់តែជ្រេចាស់ទៅ ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ក៏ដូចជានៅលើដងខ្លួនប្រាកដជាផុសឡើងបន្តិចម្តងៗមើលឃើញយ៉ាងច្បាស់ នេះជាបញ្ហាមួយដែលធ្វើឱ្យស្ត្រីបាត់បង់ទំនុកចិត្ត និងការជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង។
ប្រសិនបើស្ត្រីជ្រើសរើសការកែសម្ផស្ស វាកាន់តែបង្កផលលំបាកទៅថ្ងៃក្រោយបន្ថែមទៀត ដូច្នេះហើយឡេឌីស៍នឹងពាំនាំនូវតិចនិកចំនួន 4 ក្នុងការអនុវត្តជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ខ្លួនប្រាណ ជាពិសេសនាំមកសុខភាពល្អទៀតផង។
ទទួលទានបន្លែ ផ្លែឈើសម្បូរវីតាមីនC
ដូចដែលអ្នកដឹងហើយ វីតាមីន C ដើរតួសំខាន់ក្នុងការថែទាំគាំពារសុខភាពស្បែក និងប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នក។ វីតាមីន C ពិតជាមានសារសំខាន់ណាស់ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតកូឡាជែន លុបបំបាត់ស្នាមជ្រីវជ្រួញ ស្នាមអុចខ្មៅធ្វើឱ្យស្បែកភ្លឺថ្លា ក្មេងជាងវ័យ ចំពោះអាហារដែលសម្បូរវីតាមីនC មានដូចជា ក្រូច ប៉េងប៉ោះ ចេក ក្រូច ស្ត្រប៊ឺរី ប៉ោមខៀវ ម្នាស់ ត្របែក ស្វាយទុំ ម្ទេស..។
ការធ្វើលំហាត់ប្រាណ
នៅពេលដែលអ្នកវ័យកាន់តែចាស់ ស្បែករបស់អ្នកវិវត្តន៍យៀរធ្លាក់ ទើបបង្កឱ្យមានស្នាមជ្រីវជ្រួញ ដូច្នេះមានតែការធ្វើលំហាត់ប្រាណប៉ុណ្ណោះដែលអាចជួយអ្នកបាន។ ការធ្វើលំហាត់ប្រាណមានគុណសម្បត្តិជួយកម្ចាត់ជាតិពុល បង្កើតសាច់ដុំ កុំឱ្យស្បែកធ្លាក់យារ ហើយជួយព្យាបាលការកើតមុនលើផ្ទៃមុខ។ ពេលអ្នកបញ្ចេញសកម្មភាពជាលំហាត់ប្រាណជួយបង្កើនចរន្តឈាមធ្វើឱ្យស្បែកមានសុខភាពល្អ គ្មានស្នាមជ្រួញថែមទៀត។
កាត់បន្ថយការទទួលទានសុរា
ស្រាមានផ្ទុកជាតិអាល់កុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែកអ្នកយ៉ាងខ្លាំង។ ស្រាមានសារធាតុក្ដៅ មានជាតិពុលដែលធ្វើឱ្យស្បែកងាយឡើងស្ងួតបាត់បង់ជាតិទឹក គ្មានសំណើម ប្រសិនបើលោកអ្នកផឹកវាច្រើនៗ នឹងធ្វើឱ្យស្បែកងាយនឹងមានបញ្ហា ដូចជារោល ស្ងួត និងបង្កភាពជ្រីវជ្រួញលឿនបំផុត។ វាមិនត្រឹមតែបង្កឱ្យឆាប់មានស្នាមជ្រីវជ្រួញនៅលើស្បែក ថែមទាំងធ្វើឱ្យប៉ះពាល់សរីរាង្គខាងក្នុងទាំងអស់។
ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ
កាំរស្មីយូវីព្រះអាទិត្យអាចបណ្តាលឱ្យស្បែករងការខូចខាតជាដំណំ។ វាបណ្តាលឱ្យស្បែកឆាប់ចាស់ មានស្នាមជីវជ្រួញ ការផ្លាស់ប្តូរវាយនភាពស្បែក សារធាតុពណ៌មិនស្មើគ្នានិងការរលាក ស្បែកជាដើម។ ដូច្នេះការប្រើប្រាស់ឡេរការពារកំដៅថ្ងៃមានសារៈប្រយោជន៏ជាខ្លាំងក្នុងការពារសុខភាពស្បែក សូមប្រើប្រាស់ជាប្រចាំ និងសមស្របទៅតាមបរិមាណកំណត់។