មើមយ៉េន ឬ Beetrot គឺជាបន្លែមើមធម្មជាតិ ហើយត្រូវបានគេចាត់ទុកថាជាឱសថទិព្វដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន សារធាតុប្រឆាំងអុកស៊ីតកម្មរួមមាន Betalain ដែលប្រឆាំងនឹងការខូចខាតកោសិកា និងការរលាកផ្សេងៗ ក្នុងការចូលរួមផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងជាដើម។ មើមយ៉េន គឺជាប្រភពដ៏ល្អនៃជាតិសរសៃ ហ្វូឡាត (វីតាមីន B9) ម៉ង់ហ្កាណែស ប៉ូតាស្យូម ជាតិដែក និងវីតាមីនC។
វាមានរសជាតិផ្អែមល្មម មិនក្រពុលឡើយ និងមានវិធីជាច្រើនក្នុងការទទួលទាន “មើមយ៉េន” វាអាស្រ័យថាតើជម្រើសមួយណាដែលអ្នកទទួលទានទៅមានរសជាតិឆ្ងាញ់ ដូចជា ចម្អិនជាមុខម្ហូប ទឹកមើមយ៉េនកិនស្រស់ៗ ឬទទួលទានជាប្រភេទម្សៅស្ងួត។
ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនរបស់មើមយ៉េន ដែលអ្នកគួរស្វែងយល់មុននឹងទទួលទានរុក្ខជាតិដ៏អសា្ចរ្យមួយនេះ ៖
ជួយគ្រប់គ្រងសម្ពាធឈាម
មើមយ៉េន មានកំហាប់នីត្រាតខ្ពស់ ដែលជួយកាត់បន្ថយកម្រិតសម្ពាធឈាមនៅក្នុងរាងកាយរបស់អ្នក នេះនាំឱ្យមានការថយចុះកម្រិតហានិភ៏យនៃការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
ផ្ទុកសារធាតុចិញ្ចឹមច្រើន
មើមយ៉េន សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមមាន វីតាមីន សារធាតុរ៉ែ លើសពីនេះវាមានជាតិកាឡូរី និងជាតិខ្លាញ់ទាប។ ម្យ៉ាងវាក៏ជាប្រភពនៃ Folate ម៉ង់ហ្កាណែស និងទង់ដែងផងដែរ ដែលរាងកាយមនុស្សត្រូវការជាចាំបាច់។
មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក
មើមយ៉េន ផ្ទុកនូវ Betacyanin ដែលជាសារធាតុពណ៌រុក្ខជាតិដ៏មានឥទ្ធិពលបានធ្វើឱ្យ beetroot ក្លាយជារុក្ខជាតិមានឥទ្ធិពលជួយទប់ស្កាត់ការវិវត្តន៍នៃប្រភេទជំងឺមហារីកមួយចំនួន។
ជួយសម្រួលប្រព័ន្ធរំលាយអាហារ
វាមានផ្ទុកទៅដោយ Glutamine ដែលជាអាស៊ីតអាមីណូដ៏សំខាន់ ដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ កាត់បន្ថយការទល់លាមក និងបន្ថយហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃ។
ជួយផ្តល់ថាមពលដល់រាងកាយ
មិនថាអ្នកលេងកីឡា ឬបញ្ចេញសកម្មភាពច្រើនដែលនាំឲ្យបាត់បង់ថាមពលក្នុងក្នុងរាងកាយនោះទេ មើមយ៉េនពិតជាផ្តល់ឲ្យអ្នកត្រឡប់មកវិញនូវថាមពលដែលបានបាត់បង់។ នៅពេលដែលសាច់ដុំកំពុងសម្រាក សារធាតុនីត្រាតនៅក្នុងមើមយ៉េន ជួយនាំយកអុកស៊ីសែនកាន់តែច្រើនទៅកាន់កោសិកាសាច់ដុំ ជួយឲ្យសាច់ដុំងើបឡើងវិញកាន់តែមានប្រសិទ្ធភាព។