កំពង់ភ្លុក ជាតំបន់មួយនៅក្នុងខេត្តសៀមរាប ដែលមានប្រជាជនរស់នៅចំនួន 3 ភូមិ។ តំបន់នេះ មានចម្ងាយប្រមាណ 16 គីឡូម៉ែត្រ ភាគខាងត្បូងខេត្តសៀមរាប។ សព្វថ្ងៃ កំពង់ភ្លុក បានក្លាយជាតំបន់ទេសចរណ៍បែបសហគមន៍ដ៏គួរឱ្យចាប់អារម្មណ៍ ហើយបានទាក់ទាញទាំងភ្ញៀវជាតិ និង អន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត។
ប្រជាជនរស់នៅទីនោះ មានចំនួន 3000 នាក់ ដោយពួកគេប្រកបរបរ នេសាទ និង បើកទូកដឹកភ្ញៀវទេសចរ។ គួរឱ្យដឹងថា កំពង់ភ្លុក ជាតំបន់ដែលមានព្រៃលិចផងដែរ។ អ្នកអាចធ្វើដំណើរកម្សាន្តទស្សនា ភូមិបណ្តែតទឹក និង ស្វែងយល់ពីជីវភាពនិងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ។
នៅពេលរដូវវស្សាមកដល់ ចាប់ពីខែមិថុនា ដល់ ខែវិច្ឆិកា កម្ពស់ទឹកបានហក់ឡើងខ្ពស់ស្ទើតែស្មើរនិងកម្ពស់ផ្ទះពលរដ្ឋទៅហើយ ប៉ុន្តែភ្ញៀវទេសចរអាចទៅលេង កំពង់ភ្លុកបាននៅចន្លោះ ខែធ្នូ ដល់ ខែមករា ជាពេលដែលល្អបំផុត ព្រោះទឹកបានស្រកចុះ ផ្តល់នូវភាពងាយស្រួលក្នុងការជិះទូក ក៏ដូចជាអាចឃើញការរស់នៅក្នុងសហគមន៍ បានយ៉ាងពេញភ្នែក។
មានចម្ងាយប្រមាណ 16 គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ការធ្វើដំណើរទៅកាន់កំពង់ភ្លក់ ត្រូវចំណាយពេលប្រហែល 45 នាទី និង ចំណាយពេល 45 នាទីទៀតដើម្បីជិះទូកទស្សនាភូមិនៅទីនោះ។ គួរបញ្ជាក់ថា ភូមិបណ្តែតទឹកនេះ បើកទទួលភ្ញៀវនៅម៉ោង 8 ព្រឹក រហូតដល់ 5 ល្ងាច៕
រូបភាព [Photos] MADHOUSEHEAVEN