កញ្ញា ទៀន គីមចេង បានក្លាយទៅជាម្ចាស់ជ័យលាភីដំបូងនៃកម្មវិធីប្រកួតដើរម៉ូដដ៏ធំអស្ចារ្យក្នុងរដូវកាលទី 1 Cambodia’s Queen of The Catwalk ក្រោមការរៀបចំ និងដឹកនាំយ៉ាងមុះមុតដោយអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះគឺ លោក អូលីវ៉ា គង់ កាលពីយប់ថ្ងៃទី6 ខែកក្កដា ឆ្នាំ 2024។
នៅក្នុងអំឡុងពេលប្រកួតនៃកម្មវិធី កញ្ញា ទៀន គីមចេង បានហែលឆ្លងកាត់នូវវិញ្ញាសារដ៏គ្រោះថ្នាក់ជាច្រើនទម្រាំបានក្លាយខ្លួនទៅជាម្ចាស់ជ័យលាភីដំបូងនៃ Queen of The Catwalk។
នាងបានបន្តថា ខ្លួនពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលបានសម្រេចនូវក្តីស្រម៉ៃរបស់ខ្លួនក្រោមការខិតខំប្រឹងប្រែងលះបង់ តស៊ូ និងវាជាសមត្ថភាពផ្ទាល់ខ្លួន ប្រកបដោយភាពយុត្តធម៌ បើទោះបីមានការចំណាយពេលវេលាយូរបន្តិចក៏ពិតមែន។
កញ្ញា ទៀន គីមចេង គឺជាស្រ្តីខ្លាំងពូកែម្នាក់ ដោយកញ្ញាបានពុះពារជម្នះនូវបញ្ហាដែលខ្លួនធ្លាប់ជួបប្រទះ គឺបញ្ហាបាក់ទឹកចិត្តជាខ្លាំងក្រោយពេលត្រឡប់កម្មវិធីដើរម៉ូត Milan Fashion Week នៅអ៊ីតាលី ដោយមិនសូវទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ប៉ុន្តែកញ្ញានៅតែមានភាពរឹងមាំ តស៊ូក្រោកឈរឡើងវិញជម្រុញចិត្តបន្តធ្វើការងារដែលខ្លួនស្រលាញ់ ព្រមទាំងរុញផ្សព្វផ្សាយអំពីវិស័យសិល្បៈ និងវប្បធម៌របស់ជាតិខ្មែរទៅពិភពលោកអន្តរជាតិ។
ស្ថាបនិកនៃកម្មវិធី Cambodia’s Queen of The Catwalk លោក អូលីវ៉ា គង់ បានសម្តែងការត្រេកអរយ៉ាងខ្លាំងក្រៃលែងចំពោះភាពជោគជ័យយនៃកញ្ញា ទៀន គីមចេង ដែលបានទទួលជ័យលាភីនៅក្នុងរាត្រីដ៏មានអត្ថន័យនេះ។ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីចម្រាញ់ជ្រើសរើសយកបេក្ខនារី ដែលលក្ខណៈសម្បត្តិភាពជាអ្នកដឹកនាំ ដោយមានទាំងចំណេះដឹង សមត្ថភាព រូបសម្រស់ ការតស៊ូ និងឥរិយាបទប្រកបដោយភាពជឿជាក់លើខ្លួន។
បន្ថែមពីនេះ កម្មវិធីប្រកួតដើរម៉ូត Cambodia’s Queen of The Catwalk មានការច្របាច់បញ្ជូលគ្នារវាងវិស័យបវរកញ្ញា និងវិស័យហ្វេសិនម៉ូដែល ដើម្បីលើកស្ទួយបេក្ខនារីទាំងអស់ឱ្យទទួលបាននូវសមត្ថភាពជាកញ្ចប់តែម្តង។ វាពិតជាមានអត្ថន័យណាស់ ដែលលោក អូលីវ៉ា គង់ បានចំណាយពេលជាង 2ឆ្នាំ ក្នុងការរៀបចំការប្រកួតនេះឡើងដើម្បីបង្អួត និងបង្ហាញទៅកាន់ពិភពលោកជាឆាកអន្តរជាតិ ថាប្រជាជាតិខ្មែរក៏មានសមត្ថភាពនៅក្នុងវិស័យដើរម៉ូដផងដែរ។
គួររំលឹកផងដែរថា លោក អូលីវ៉ា គង់ ជាបុគ្គលម្នាក់ដ៏មានឥទ្ធិពលនៅក្នុងវិស័យហ្វេសិននៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញ ម្យ៉ាងលោកក៏មានបទពិសោធន៍ការចូលរួមកម្មវិធីអន្តរជាតិកន្លងមកជាច្រើនផងដែរ។