ភូមិវត្តគរ គឺជាភូមិវប្បធម៌មួយរបស់កម្ពុជា ស្ថិតនៅចម្ងាយប្រមាណ 2 គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ភូមិនេះ ត្រូវបានគេចាត់ទុកថាជា ភូមិកំណើតនៃផ្ទះឈើបុរាណខ្មែរ។ ក្នុងចំណោម ផ្ទះបុរាណ ប្រមាណ 20 ខ្នងដែលបានសាងសង់ឡើងកាលពីជាង 100 ឆ្នាំមុន មានផ្ទះ 2 ខ្នងដែលមានអាយុកាលចំណាស់ជាងគេ នោះគឺផ្ទះរបស់ លោកស្រី ប៊ុន រឿង និង ខោ សាំង។
ផ្ទះរបស់លោកស្រី ប៊ុន រឿង ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1920 ដោយមេធាវីម្នាក់ កាលនៅសម័យនោះ។ សព្វថ្ងៃផ្ទះបុរាណដ៏ចំណាស់នេះ ត្រូវបានម្ចាស់កែប្រែក្លាយជាផ្ទះស្នាក់ (homestay) សម្រាប់ទទួលភ្ញៀវទេសចរ ដែលទៅលេង និងចង់សិក្សាលម្អិតអំពីប្រវត្តិផ្ទះនេះ។ ចំណែក ផ្ទះរបស់លោក ខោ សាំង សាងសង់នៅក្នុងឆ្នាំ 1907។
បន្ទាប់ពីឆ្លងកាត់ដំណាក់កាលនៃការដាក់នឹមអាណានិគមរបស់បារាំង និង សង្គ្រាមស៊ីវិល រួមទាំងរបបខ្មែរក្រហម ផ្ទះបុរាណខ្មែរទាំងនេះ ត្រូវបានថែទាំឡើងវិញ ដោយម្ចាស់និងសមាជិកសាច់ញាតិរបស់ពួកគេ។ ជាការពិត ផ្ទះទាំងអស់នេះ បានសាងសង់ឡើងពីឈើ ជាមួយនឹងរចនាបថបែបខ្មែរបុរាណចំតួតែម្តង ស្តែងឱ្យឃើញពីស្ថាបត្យកម្មសំណង់របស់ខ្មែរ។ រាល់ផ្ទះនីមួយៗ មានវេរ៉ង់ដាធំទូលាយនៅខាងមុខ អមជាមួយនឹងសួនច្បារ ជាមួយខ្យល់អាកាសបរិសុទ្ធ ហាក់នាំឱ្យយើងទទួលបានអារម្មណ៍ដូចត្រឡប់ទៅកាន់សម័យកាលដ៏រុងរឿងនៃ សង្គមរាស្រ្តនិយម។
គួរឱ្យដឹងថាអ្នកភូមិនៅទីនោះ ប្រកបរបរជាកសិករ ខ្លះធ្វើស្រែដំណាំតាមដងស្ទឹងសង្កែ ខ្លះធ្វើលើដីនៅបរិវេណផ្ទះ និង ខ្លះទៀតមានចម្ការផ្ទាល់ខ្លួន។ ក្រៅពីការទៅទស្សនាផ្ទាល់នូវផ្ទះបុរាណខ្មែរ អាយុកាលជិត 100 ឆ្នាំ ការស្វែងយល់និងទស្សនាពីជីវភាពរស់នៅរបស់អ្នកភូមិវត្តគរ គឺជាអ្វីដែលភ្ញៀវទេសចរមិនអាចរំលងបានឡើយ។
Maisons Wat Kor
ទន្ទឹមនឹងនេះ នៅក្នុងភូមិវត្តគរ មានរីសតមួយកន្លែងបើកទទួលជាផ្ទះសំណាក់ មានឈ្មោះថា Maisons Wat Kor។ រីសតនេះ ស្ថិតនៅក្នុងភូមិតែម្តងដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវ បន្ទាប់ពីដើរទស្សនាផ្ទះបុរាណខ្មែររួច មានកន្លែងស្នាក់នៅជិតនោះតែម្តង មិនពិបាកដើររកឆ្ងាយ។
Maisons Wat Kor ជាប្រភេទរីសតប្រណិត បន្ទប់មានផាសុកភាពជាមួយរចនាបថបែបខ្មែរ។ សម្ភារៈបរិក្ខាបំពាក់នៅក្នុងបន្ទប់គឺមានគ្រប់សព្វដូចទៅនឹងសណ្ឋាគារទំនើបដែរ។ ភ្ញៀវ អាចធ្វើការអានសៀវភៅនៅបន្ទប់បណ្ណាល័យ ឫ ជួលកង់ជិះទស្សនាទិដ្ឋភាពនៅជុំវិញភូមិ។ ចំណែកម្ហូបខ្មែរ និង អឺរ៉ុប ខាងរីសតត្រៀមរួចជាស្រេចដើម្បីបំពេញតម្រូវការភ្ញៀវ រួមទាំងភេសជ្ជៈ ដូចជាស្រា Wines និង beers ជាច្រើនជម្រើស។ រីឯតម្លៃវិញ គឺចាប់ពី 70 ដុល្លារឡើងទៅសម្រាប់ការស្នាក់នៅក្នុងមួយយប់ សម្រាប់មនុស្ស 2 នាក់៕