មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ជូនដំណឹងពីការតាំងពិព័រណ៍ធុរកិច្ចឌីជីថលក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។ ធុរកិច្ចថ្មី, សហគ្រិន, វិនិយោគិន, ម្ចាស់អាជីវកម្ម, សិស្សនិស្សិត, អ្នកចូលចិត្តបច្ចេកវិទ្យា ឬក៏តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីអាចចាប់យកឱកាសនេះដើម្បីពន្លឿនអាជីវកម្មរបស់ខ្លួន ដោយធ្វើការស្វែងយល់បន្ថែមអំពី បច្ចេកវិទ្យា, យុទ្ធសាស្ត្រ និង ភាពឆ្នៃប្រឌិត ព្រមទាំងធ្វើការភ្ជាប់បណ្តាញទំនាក់ទំនងជាមួយតួអង្គពាក់ព័ន្ធផ្សេងៗ។
ការរៀបចំពិព័រណ៍នេះឡើង គឺក្នុងគោលបំណង៖
១/ ជំរុញបរិវត្តកម្មឌីជីថលសហគ្រាស និងលើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី
២/ បញ្ជ្រាបការយល់ដឹងអំពី ធុរិកិច្ចថ្មីដល់តួរអង្គពាក់ព័ន្ធ ជាពិសេសទៅដល់យុវជនដែលមានបំណងចង់បង្កើតធូរកិច្ចថ្មី
៣/ ផ្សព្វផ្សាយអំពី នីតិវិធីចុះបញ្ជីអាជីវកម្ម នីតិវិធីស្នើសុំអាជ្ញាបណ្ណជំនាញ និងសេវាគាំទ្រផ្សេងៗពាក់ព័ន្ធនឹងការធ្វ់អាជីវកម្ម និងការបង្កើតធុរកិច្ចថ្មី
៤/ ពង្រីកបណ្តាញគាំទ្រ និងកៀរគរតួង្គពាក់ព័ន្ធក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង
៥/ ផ្សារភ្ជាប់សហគ្រិន និងនវានុវត្តន៍ជាមួយអ្នកជំនាញតាមវិស័យនីមួយៗ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍នេះទទួលបានការគាំទ្រពីក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នគាំទ្រសហគ្រិនភាព គ្រឹះស្ថានធនាគារ ធុរកិច្ចថ្មី គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ សហគ្រាស និងសិស្ស-និស្សិត ក៏ដូចជាសាធារណៈជនផងដែរ។