ធនាគារជាតិនៃកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)” កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
សៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច” នេះគឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។ ខ្លឹមសារនៃសៀវភៅនេះផ្តល់សារៈសំខាន់សម្រាប់ការសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្មនៅកម្ពុជា ព្រមទាំងបង្ហាញគោលនយោបាយសំខាន់ៗដែលគាំទ្រកំណើនសេដ្ឋកិច្ច។
លោកជំទាវ ជាសិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ដុល្លារូបនីយកម្មបានកើតឡើងក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់រៀលមានភាពទន់ខ្សោយ ក្រោយពីសង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកលលើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ជាការពិតដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ”។ លោកជំទាវបានលើកឡើងផងដែរថា៖ “នៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់នយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ហើយដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ”។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាការអេស៊ីលីដា បានបញ្ជាក់ថា៖ “ការបញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារភ្លាមៗអាចប៉ះពាលដល់សេដ្ឋកិច្ចនាំឲ្យកើតមានឡើងអតិផរណា។ លោកថា ការធ្វើបដិដុល្លាររូបនីកម្មដោយគំហុកផ្តល់ផលប៉ះពាល់ច្រើន ទាំងស្ថាប័ន និងអតិថិជន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ “ប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានវិវឌ្ឍប្រែប្រួលលើការប្រើប្រាស់រូបិយវត្ថុជាប្រាក់រៀលនៅលើទីផ្សារផងដែរ។ កាលពីឆ្នាំ ២០១៧ ឥណទានជាដុល្លារគ្របដណ្តប់ ៩៨ ភាគរយ ខណៈនៅឆ្នាំ ២០២២ ឥណទានប្រាក់ដុល្លារធ្លាក់ចុះនៅ ៨៩%។ ដោយឡែកប្រាក់បញ្ញើសន្សំមាន ៩៣ ភាគរយ និងឆ្នាំ ២០២២ ប្រាក់សន្សំជាដុល្លារនៅ ៩០.៤% ដែលនេះបង្ហាញជាសញ្ញាណដ៏ល្អមួយ”។
លោកជំទាវ ជា សិរី ក៏មើលឃើញការប្រែប្រួលលើទំនុកចិត្តប្រាក់រៀលនៅលើទីផ្សារហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ លោកស្រី បញ្ជាក់បន្ថែមថា៖”សមាមាត្រនៃការប្រើប្រាស់ប្រាក់រៀលក្នុងរយៈពេល ២ ទសវត្សន៍នេះបានកើនពី ០,៨៥ ទ្រីលានរៀល ដល់ ១៤,៥ ទ្រីលានគឺកើនឡើង ១៦ ដង ដែលនេះបង្ហាញសញ្ញាណផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ទំនុកចិត្តលើការប្រើប្រាស់រូបិយវត្ថុជាតិ”។
សៀវភៅដុល្លារូបនីយកម្មនៅកម្ពុជាបានរំលេចអំពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា និងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងមានអត្ថបទវិភាគស៊ីជម្រៅ អំពីឥទ្ធិពលនៃចរាចរណ៍ប្រាក់ដុល្លារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងប្រព័ន្ធទូទាត់ «បាគង» ដែលជួយបង្កើនការប្រើប្រាស់ប្រាក់រៀល ហើយវានឹងក្លាយជាករណីសិក្សាដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយប្រព័ន្ធទូទាត់ បាគង ដែលជាគំរូសម្រាប់កាត់បន្ថយចរាចរណ៍ប្រាក់ដុល្លារ។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា ក៏បង្ហាញគម្រោងដាក់ឲ្យអនុវត្តសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញសាធារណជនឱ្យប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយផងដែរ៕