អ្នកនាង Angelina Jolie ជាតារា Hollywood ដែលមានឈ្មោះបោះសម្លេងមួយរូប ក្នុងការសម្តែងភាពយន្តបែបស៊ឺបអង្កេត និងបាញ់ប្រហារ ដែលមានលក្ខណៈផ្សងព្រេង ផងដែរ។ អ្នកនាងបានស្គាល់កម្ពុជាដំបូងតាមរយៈការថតរឿង “Lara Croft: Tomb Raider” នាអំឡុងឆ្នាំ២០០០ ។ អ្នកនាង Angelina Jolie បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាទឹកដីដែលបានផ្លាស់ប្តូរចិត្តគាត់ឱ្យចេះស្រឡាញ់ ដោយគាត់មិនដែលធ្លាប់គិតទាល់តែសោះ ក្នុងតួនាទីភាពជាមាតា។ អ្នកនាងបានរៀបរាប់បន្តទៀតថា ដោយសារព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរបស់គាត់។ ប្រទេសកម្ពុជាមានរឿងរ៉ាវជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ ដែលអ្នកនាងមិនដែលធ្លាប់បានរៀននៅសាលា ហើយមានរឿងរ៉ាវជាច្រើនទៀតនៅក្នុងជីវិតដែលត្រូវរៀនសូត្របន្ថែម។ សម្រាប់ផែនការរស់នៅនាពេលអនាគត អ្នកនាងបានបង្ហើបពី គម្រោងផែនការជីវិតរបស់ខ្លួន ដោយចង់ចាកពីតំបន់ហូលីវូត នៅក្រុងឡូសអេនជឺឡែស សហរដ្ឋអាម៉េរិក មករស់នៅដ៏សុខស្ងប់នៅគេហដ្ឋានរបស់ខ្លួន ដែលស្ថិតនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងនៃប្រទេសកម្ពុជា។ អ្នកនាងក៍បានរៀបរាប់បន្ថែមពីជីវិតដ៏តប់ប្រមល់នៅហូលីវូត តំបន់ឧស្សាហកម្មភាពយន្តដ៏ល្បីល្បាញ ដោយបានលើកឡើងថា អ្នកនាងបានចម្រើនវ័យនៅទីដ៏រាក់មួយ ក្នុងចំណោមទីកន្លែងនានាលើពិភពលោក (ហូលីវូត) ដែលមិនមែនជាទីកន្លែងប្រកបដោយសុខុមាលភាពទេ។
គួររំលឹកផងដែរ អ្នកនាង Angelina បានស្មូមកូនកម្ពុជាម្នាក់មកចិញ្ចឹមដោយបានដាក់ឈ្មោះថា Maddox Chivan Jolie-Pitt កាលពីឆ្នាំ២០០២ ដែលនេះហើយ បានធ្វើឱ្យទំនាក់ទំនងរវាង អ្នកនាង Angelina ជាមួយកម្ពុជា កាន់តែភាពរឹងមាំ រហូតដល់ឈានទៅបង្កើតអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញដែលផ្តោតលើសន្តិសុខបរិស្ថាន ការលើកកម្ពស់សុខភាព និងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍ទាំងអស់នៅក្នុងនាមឈ្មោះរបស់គាត់ ដែលត្រូវបានប្រសិទ្ធិនាមថាមូលនិធិ Maddox Jolie-Pitt (MJP) Foundation ផងដែរ។ តាមរយៈបេសកកម្មមនុស្សធម៌ជាច្រើន រួមទាំងតួនាទីជាទូតសុច្ឆន្ទៈរបស់អង្គការ UNHCR ផងដែរនោះ អ្នកនាង Angelina បានមើលឃើញពីទុក្ខលំបាករបស់មនុស្សជាតិ ជាពិសេសពលរដ្ឋដែលរស់នៅលើដីចម្ការមីន។ កិច្ចប្រឹងប្រែងនានាសម្រាប់កម្ពុជា បានទទួលនូវការតបស្នងដ៏គាប់ចិត្ត ដោយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៥ ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសប្រទានសញ្ជាតិខ្មែរដល់តារាអាម៉េរិករូបនេះ។