ប្រិយមិត្តរមែងឃើញ តារាចម្រៀងមាឌតូចល្អិត ខាត់ សួស្ដី បង្ហាញខ្លួនជាមួយនឹងការសម្អិតសម្អាងកាយស្អាតគ្រប់ពេល ព្រោះថា ជាស្ត្រីម្នាក់ ជាសិល្បការិនីម្នាក់ គឺនាងឲ្យតម្លៃទៅលើការតុបតែងកាយស្អាតជាប្រចាំនោះឯង។
ការធ្វើខ្លួនឲ្យស្អាតនាមជាស្ត្រីម្នាក់ សួស្ដី ប្រាប់ថា នាងឲ្យតម្លៃទៅលើចំណុចធំៗដូចជា
ទី១.ផ្ដោតទៅលើការផាត់មុខ និងធ្វើសក់ ទី២ គឺការច្នៃសំលៀកបំពាក់ និងទី៣ គ្រឿងពាក់នៅលើខ្លួន ជារបស់ដែលអាច លំអអោយយើងកាន់តែមានភាពលេចធ្លោ។
ទាំងនេះ គឺជាអ្វីដែលមិនអាចខ្វះបានរបស់នាង ក៏ដូចជាស្ត្រីទូទៅ។ នាងថ្លែងប្រាប់ Ladies ថា ការធ្វើខ្លួនស្អាតជាប្រចាំ គឺធ្វើឲ្យនាងមានភាពជឿជាក់លើខ្លួនឯង។ “យើងជាអ្នកសិល្បៈ ពេលដែលយើងធ្វើខ្លួនស្អាតៗអីចឹងទៅ ធ្វើឲ្យខ្លួនឯងមានភាពទាក់ទាញ មានភាពជឿជាក់ ហើយសង្គមខាងក្រៅ ងាយចាប់អារម្មណ៍លើយើង!”។
ដើម្បីធានាដល់ភាពស្រស់ស្អាតរបស់ខ្លួនជាប្រចាំ សួស្ដី ធ្វើចេញពីគំនិតខ្លួនឯងខ្លះ និងខ្លះទៀតបានផ្នែកជាច្រើន មានដូចជាសាច់ញាតិ និងអ្នកជំនាញពាក់ព័ន្ធច្រើន ដូចជាខាងធ្វើមុខ ធ្វើសក់ និងអ្នកច្នៃម៉ូដ រួមទាំងអ្នកជំនាញខាងគ្រឿងលម្អខ្លួនជាដើម។
ខាត់ សួស្ដី គឺជាកូនទី៨ ក្នុងគ្រួសារត្រកូលខាត់ដែលមានបងប្អូនសរុប ៩នាក់។ កូនស្រីត្រកូលអ្នកលេងភ្លេងខ្មែររូបនេះ បច្ចុប្បន្ន គឺជាតារាចម្រៀងបទប្រជាប្រិយ និងយុវវ័យក្នុងផលិតកម្ម Galaxy Navatra ហើយបទដំបូងរបស់នាង គឺបទ “ដេកសុខៗពេញក្រមុំ” ដែលទទួលបានការគាំទ្រច្រើនពីប្រិយមិត្ត៕