ផ្ដើមពីយុវតីដ៏សាមញ្ញម្នាក់ តែមានមហិច្ឆតាធំ និងចក្ខុវិស័យវែងឆ្ងាយ ជំទាវ គ្រី ណាលីស បានយកឈ្នះ ពាក្យសំដីបន្ទុចបង្អាក់នានា ទីបំផុតសម្រេចបានមហិច្ឆតាយកខ្លួនឯងដែលជាស្ត្រីភេទ ចូលប្រឡូកក្នុងវិស័យវិទ្យាសាស្ត្រ ហើយបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងកិច្ចការនារីថែមទៀត។ នេះបើតាមបទសម្ភាសន៍ក្នុងកម្មវិធី “នារីរតនៈ” ក្រោមប្រធានបទ«ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ។
លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី(រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារី)
លោកជំទាវ គ្រី ណាល់លីស មានស្រុកំណើតនៅខេត្តបាត់ដំបង នៅអំឡុងពេលសិក្សាចំណេះទូទៅ លោកជំទាវមានគំនិតចង់ប្រឡូកក្នុងវិស័យវិស្វករ។ ប៉ុន្តែ ពាក្យសំដីជាច្រើន លោកជំទាវបានជួបនៅដើមផ្លូវនៃគោលដៅជីវិតវែងឆ្ងាយ មានដូចជា “ខ្លួនជាស្រី មិនគួរទៅឆ្ងាយផ្ទះ” “ខ្លួនជាស្រី មិនគួររៀនមុខជំនាញបុរសជាដើម”។
ប៉ុន្តែដោយមានការលើកទឹកចិត្តពីលោកឪពុក និងគោលគំនិតផ្ទាល់ខ្លួន លោកជំទាវក៏បានដើរសំដៅគោលដៅយ៉ាងមោះមុត។ លោកជំទាវ បានប្រឡងជាប់ចូលរៀននៅសាលាតិចណូកម្រិតមធ្យម រយៈពេល ក្រោយបញ្ចប់បាក់ឌុបយ៉ាងជោគជ័យ។
បន្ទាប់សិក្សាចំណាត់ថ្នាក់ល្អ ក្នុងលំដាប់លេខ១ ដល់ លេខ ៣ លោកជំទាវក៏បានឡើងទៅសិក្សាថ្នាក់វិស្វករ។ បរិញ្ញាបត្រវិស្វករនៅពីតិចណូ លោកជំទាវក៏បានអាហារូបករណ៍នៅម៉ាឡេស៊ី ២ឆ្នាំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបន្ត ៣ឆ្នាំទៀត យកថ្នាក់បណ្ឌិត នៅម៉ាឡេស៊ី និងជប៉ុន។
លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី(រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារី)
ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិត ត្រឡប់មកវិញ លោកជំទាវចូលមកធ្វើជាគ្រូឧត្តមនៅសាលាតិចណូជាគ្រូកិច្ចសន្យា នៅ តុលា ២០១៣។ ១ឆ្នាំក្រោយមក ដោយសារជានារី និងមានចំណេះដឹងខ្ពស់ លោកជំទាវ ត្រូវបានប្រូម៉ូតឲ្យធ្វើជាប្រធានដេប៉ាតេម៉ង់។
ក្រោយមកទៀតត្រូវបានប្រូម៉ូតជា ព្រឹទ្ធបុរសមហាវិទ្យាល័យរ៉ែ និងភូគប់សាស្ត្រ។ បម្រើការក្នុងវិស័យអប់រំបាន ៧ឆ្នាំ លោកជំទាវក៏បានមកទទួលភារកិច្ច ជាអគ្គនាយិការងអគ្គនាយដ្ឋាន វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ ២០២០។
បម្រើការបានរយៈពេល ៣ឆ្នាំ លោកជំទាវក៏ផ្លាស់ប្ដូរភារកិច្ចជាថ្មីទៀត មកធ្វើការនៅក្រសួងកិច្ចការនារីដល់បច្ចុប្បន្ន ដែលលោកជំទាវមានឋានៈជារដ្ឋលេខាធិការក្រសួងកិច្ចការនារី។
ផ្ដើមពីស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ ហើយផ្លាស់មកកិច្ចការនារី លោកជំទាវ បញ្ជាក់ថា ព្រោះចង់ជួយជំរុញបន្ថែមនូវកន្លែងទំនេររបស់ស្ត្រីក្នុងវិស័យនេះ។
លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី(រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារី)
លោកជំទាវ ថា ឆ្លងតាមបទពិសោធន៍ការងារកន្លងមក លោកជំទាវ មើលឃើញមានការចូលរួមតិចតួចពីមនុស្សស្រី។ ដូច្នេះលោកជំទាវ ក៏បានសម្រេចចិត្តមកចូលរួមជាមួយក្រសួងកិច្ចការនារី ក្នុងឆន្ទៈនាំយកចំណេះជំនាញ និងបទពិសោធន៍របស់លោកជំទាវ មកជំរុញឲ្យស្ត្រីកម្ពុជា កាន់តែច្រើនចូលប្រឡូកក្នុងវិស័យវិស្វករ និងវិទ្យាសាស្ត្រ។
ខណៈដែល រាជរដ្ឋាភិបាល មានផែនការសម្រេចឲ្យបាន កម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់ ២០៥០។
លោកជំទាវបញ្ជាក់ថា ផែនការនេះអាចសម្រេចបាន ទាល់តែកម្ពុជាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ហើយពលរដ្ឋជាច្រើនប្រឡូកក្នុងវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រ៕