កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ ( GDT e-administration) ដែលកម្មវិធីនេះនឹងជំនួសឲ្យកម្មវិធី បញ្ជូនឯកសារអេឡិចត្រូនិក (e-Documents Submission System) ដែលធ្វើអោយមានភាពងាយស្រួលទៅដល់ បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ មានភាពងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗ មកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ។
អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ ( GDT e-Administration)” ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ស្ថាប័នរដ្ឋ និងតំណាងសហគ្រាស ដែលរៀបចំឡើងកាលពីថ្ងៃទី២០ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីបង្ហាញជូនទៅដល់សាធារណជនអោយបានយល់ និងអាចប្រើប្រាស់បាននូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ។
នៅក្នុងសិក្ខាសាលានេះផងដែរ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញ និងដាក់ឱ្យដំណើរការកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដែលជាកម្មវិធីនៅលើស្មាតហ្វូន ដែលអ្នកជាប់ពន្ធអាចពិនិត្យ និងតាមដានឯកសារបង់ពន្ធរបស់ពួកគេ។ កម្មវីធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារថ្មី ដែលជាការអភិវឌ្ឍន៍បន្ថែមរបស់កម្មវិធី(App) ដែលមាន សម្រាប់អ្នកជាប់ពន្ធ ដើម្បីត្រួតពិនិត្យ និងតាមដាននៅពេលដែលឯកសាររបស់ពួកគេត្រូវបានដាក់ជូន”។ កម្មវិធីនេះមានមុខងារនៃការដាក់ពាក្យសុំសម្រាប់សហគ្រាសនានា ដើម្បីធ្វើបច្ចុប្បន្នភាព ការស្នើសុំពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ការស្នើសុំការទូទាត់ជាដំណាក់កាល ការស្នើសុំវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត និងការស្នើសុំឯកសាររដ្ឋបាល និងឯកសារផ្សេងៗទៀត។
សូមជម្រាបជូនផងដែរថា ព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នចំនួនពីរទទួលបន្ទុកប្រមូលពន្ធ។ ទីមួយគឺអគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងស្ថាប័នមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលប្រមូលពន្ធ លើទំនិញនាំចេញនិងនាំចូល។ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានចំនួន ៣,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើង ៤,៤៩ ភាគរយធៀបនឹងឆ្នាំមុន។
សូមចុច Line ដើម្បីមើលការណែនាំពីរបៀបប្រើប្រាស់កម្មវិធី៖ https://fb.watch/qYUtvrLodf/