កញ្ញា អឿន រ៉ូហ្សា អតីតនិស្សិតជំនាញទេសចរណ៍ បច្ចុប្បន្នគឺជាតារាស្រីម្នាក់កំពុងពេញនិយម ដោយនាងក្ដាប់បានការសម្ដែងរឿងភាគ និងរឿងដុំជាច្រើន ក្នុងនោះរាល់រឿងដែលនាងសម្ដែងសុទ្ធតែតំណែងតួឯកទាំងអស់ បើទោះការដើរលើវិថីនេះកើតឡើងពីភាពចៃដន្យក៏ដោយ។
អឿន រ៉ូហ្សា អ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្រាប់ ឡេឌីស៍ ឲ្យដឹងថា អាជីពបច្ចុប្បន្នមិនមែនជាអ្វីដែលនាងប៉ងនោះទេ ដូច្នេះហើយទើបនាងរៀនជំនាញទេសចរណ៍នោះ។ ប៉ុន្តែនិស្ស័យ ឬក៏ថាគេចារមកថា ឲ្យនាងត្រូវតែក្លាយជាតារាសម្ដែង ទើបរឿងចៃដន្យបានកើតឡើង។
យុវតីវ័យ ២៥ឆ្នាំ ប្រាប់ឲ្យដឹងថា វេលាមួយ មានអ្នកដឹកនាំរឿងម្នាក់ដែលទំនងគេឃើញថានាងមានសក្ដានុពលលើការងារនេះ បានមកហៅនាងឲ្យទៅសម្ដែងសាកល្បងក្នុងរឿង ទីបំផុតស្រាប់តែនាងជាប់។
រ៉ូហ្សា ថ្លែងថា “ចាសបងពីដើមមក ខ្ញុំអត់ ដែលគិតប៉ងទេអីទេបង តែដល់ពេលមួយ ស្រាប់តែបងផលិតករ គាត់ឃើញ គាត់ហៅទៅ Casting ក្នុងរឿង ទេពធីតាថ្កុលមាស ហើយខ្ញុំសម្ដែងតួនាងថ្កុលមាសហ្នឹង ស្រាប់តែជាប់…ហើយក៏ចេះជាប់សម្ដែងបន្តបន្ទាប់មកដល់ឥឡួវហ្នឹងទៅ!”។
រឿងនេះហើយ គឺជាអ្នកត្រួសត្រាយផ្លូវ រ៉ូហ្សា លើវិថីសិល្បៈ និងជារឿងដែលគេផ្ដើមស្គាល់នាង រហូតអ្នកខ្លះហៅនាងថា ថ្កុលមាសៗ ថែមទៀត។ បន្ទាប់ពីសាងការចាប់អារម្មណ៍ក្នុងស្នាដៃទី១មកដល់បច្ចុប្បន្ន មានភាពយន្តភាគ រឿងដុំ និងរឿងខ្នាតធំប្រមាណជាង ១០រឿងហើយដែលនាងបានចូលរួមសម្ដែង ហើយក្ដាប់បានតំណែងជាតួអង្គឯកទាំងអស់។
រឿងទាំងនោះមានដូចជា “ហេឡូអ្នកម៉ាក់” “កូនប្រសាស្រី” “ស្នាមស្នេហ៍សមុទ្ររាម” “ដើមចេកជ្វារ” “ភ្លើងត្រជាក់” “លោហិតឥតឈាម” និងរឿង “គ្រួសារសុខសាន” របស់កម្មវិធី ក្លាហាន៩ជាដើម។ បច្ចុប្បន្ន រ៉ូហ្សា ដែលមានសម្ផស្សស្រស់ស្អាត គួរជាទីទាក់ទាញ កំពុងថតរឿង “គ្រូគណិត” របស់ទូរទស្សន៍ហង្សមាសថែមទៀត។
ក្រៅពីអាជីពសម្ដែងភាពយន្ត និងស្ប៉តពាណិជ្ជកម្មផ្សេង បច្ចុប្បន្នកញ្ញា អឿន រ៉ូហ្សាបានចាប់អាជីពជាពិធីការិនីថែមទៀត។ ដោយសារមមាញឹកនឹងអាជីពសិល្បៈដែលមិនធ្លាប់គិតប៉ងសោះនោះ នាងបានទុកចោលជំនាញទេសចរណ៍ដែលនាងប៉ងប្រាថ្នាវិញ។ យ៉ាងណា នាងប្រាប់ថា បច្ចុប្បន្ននាងក៏នៅប្រើជំនាញនេះខ្លះៗ ដើម្បីចូលរួមផ្សព្វផ្សាយទេសចរណ៍ជាតិដែរ៕