ដូចការរំពឹងទុក ជូរី ល្អហួស កូនស្រីរបស់ ដេននី ក្វាន់ បានបង្កើតមោទកភាពដល់ជនរួមជាតិខ្មែរទាំងក្នុង និងក្រៅនគរនៅយប់មិញលើទឹកដីថៃ ស្របពេលសាមីខ្លួនបានពោលពាក្យមួយឃ្លា ធ្វើឲ្យកាន់តែរំជួលដល់បេះដូងខ្មែរ។
ស័ក្តិសម ត្រឹមត្រូវ ដូចនឹងឈ្មោះ “ល្អហួស” កុមារី ជូរី ល្អហួស គឺមានចំណុចល្អទាំងព្រម ទាំងរូបសម្បត្តិ ចរិយាមាយាទ ទេពកោសល្យ និងចំណេះដឹងទូលំទូលាយបើទោះនាងនៅវ័យក្មេងខ្ចីក៏ដោយ។ ទាំងនេះ ជាសក្ដានុពលដែលនាំឲ្យមានការរំពឹងទុកខ្ពស់សម្រាប់ការប្រកួតក្នុងកម្មវិធី Miss Pre Teen Junior Idol World 2024 របស់ពលរដ្ឋខ្មែរគ្រប់រូប។
ពេលវេលាជាក់ស្ដែងនៅយប់មិញនេះ ល្អហួស ពិតជាធ្វើបានល្អខ្លាំង ពេលបង្ហាញខ្លួនជាមួយភាពជឿជាក់ និងមានភាពលេចធ្លោក្នុងចំណោបបេក្ខភាពទាំងអស់។ ជាលទ្ធផល នាងពិតជាធ្វើបានមែន គឺនាងបានដណ្ដើមយកជយលាភី Miss Pre Teen Junior Idol World 2024 បានសម្រេច ដូចដែលនាងបានសច្ចា និងសន្យាម្ដងហើយម្ដងទៀតថា នាងនឹងយកជ័យលាភីមកកាន់ប្រទេសកំណើតនាងឲ្យទាល់តែបាន។
ល្អហួស បានសរសេរលើហ្វេសប៊ុករបស់នាង ថ្លែងអំណរគុណបងប្អូន ពូមីង ដែលគាំទ្ររូបនាង ក្នុងនោះសារខ្លីមួយ បានចាក់បេះដូងជនរួមជាតិជាថ្មី។ នាងសរសេរថា “ កូនស្រីកម្ពុជា យកភាពជោគជ័យជូនមាតុភូមិតាមដែលនាងខ្ញុំសន្យាបានហើយ!”។
សារដ៏ខ្លី តែន័យសែនស៊ីជម្រៅនេះ បានធ្វើឲ្យបេះដូងរបស់បងប្អូនជនរួមជាតិកក្រើករញ្ជួយជាថ្មី។ ពួកគេបានចូលទៅសរសេរសារ បង្ហាញពីមោទកភាពរបស់ពួកគេចំពោះ ល្អហួស រាប់ម៉ឺននាក់ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
គិតត្រឹមពេលនេះ ជូរី ល្អហួស ទើបមានអាយុ ១៥ឆ្នាំ តែឆ្លងកាត់យប់មិញ នាងបានសម្រេចសមិទ្ធផលយ៉ាងធំជូនជាតិមាតុភូមិរបស់នាង ដែលជារឿងយ៉ាងកម្រ ក្នុងវិស័យបវរកញ្ញា។
ក្រៅពី ល្អហួស ក៏មានកុមារីកម្ពុជា ២នាក់ទៀតក៏ធ្វើបានល្អដែរនៅក្នុងកម្មវិធីតែមួយ ក្នុងនោះមាន ជា អមរាសូហ្វី 2nd Runner Up Little Miss Junior Idol World 2024 និង យិត អេលីស 2nd Runner Up Miss Teen Junior Idol World 2024។ កុមារីទាំង៣ បានផ្ដល់មោទកភាពថ្មីនៅការចាប់ផ្ដើមខែថ្មី គឺថ្ងៃទី១ មេសា ២០២៤៕