មិនមែនជារឿងសាមញ្ញពេកទេ ដែលព្រឹកនេះ ក្រសួងកិច្ចការនារី បានផ្ញើសារដោយត្រង់មកកាន់សិល្បការិនីម្នាក់ គឺកុមារី ល្អហួស ក្រោយពីនាងបង្កើតមោទកភាពថ្មីអោយពលរដ្ឋកម្ពុជាដោយការឈ្នះមកុដក្នុងកម្មវិធីកម្រិតអន្តរជាតិ។
ក្រសួងកិច្ចការនារី បង្ហោះសារប្រមាណ១ម៉ោងមុននៅព្រឹកថ្ងៃទី ០២ មេសា ២០២៤ ពោលគឺក្រោយ ១ថ្ងៃ បន្ទាប់ពីកុមារី ជូរី ល្អហួស ឈ្នះមកុដក្នុងកម្មវិធី Miss Pre Teen Junior Idol World 2024។
ដោយភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលត្រូវបានរចនាជាពិសេសមានរួមបញ្ចូលរូប ល្អហួស ឈ្នះជ័យលាភី និងរូបកុមារីគ្រងឈុត “អធិរាជិនីហង្សាវតីស្រីកម្ពុជា” និងរំលេចដោយផ្ការំដួលជាគ្រឿងលម្អផង ក្រសួងបានសរសេរថា “អបអរសាទរ Laor Hours ល្អហួស ដែលបានក្លាយជាម្ចាស់ជ័យលាភី Miss Preteen Junior Idol World 2024”។
ជាមួយគ្នា មានប្រិយមិត្តជាច្រើនបានចូលទៅសរសេរបន្ទរ ដោយម្នាក់ៗថ្លែងពីមោទកភាពជាតិ សម្រាប់កុមារី ល្អហួស ដែលទើបមានវ័យក្មេងខ្ចីសោះតែ អាចសម្រេចស្នាដៃលើកមុខមាត់ជាតិលើឆាកអន្តរជាតិយ៉ាងដូច្នេះសោះ។
ក្រោយឈ្នះជ័យលាភីនៅលើទឹកដីថៃ កុមារី ជូរី ល្អហួស គ្រោងនឹងវិលត្រឡប់មកដល់ប្រទេសកំណើតវិញនៅរសៀលថ្ងៃទី ០២ មេសានេះ៕