មនុស្សគ្រប់រូបតែងមានបំណងប្រាថ្នា ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលបានបង្កើតផែនការជីវិតឆ្ពោះទៅកាន់ក្តីសុបិនរបស់ខ្លួនឱ្យទទួលបានជោគជ័យ។
ប្រសិនបើអ្នកមិនបានកំណត់គោលដៅច្បាស់លាស់ក្នុងការសម្រេចកិច្ចការអ្វីមួយ តើអ្នកគិតថាអ្នកនឹងអាចសម្រេចវាបានដោយរលូនដែរឬទេ?
វិថីដែលអ្នកកំពុងធ្វើដំណើរឈោងចាប់ក្តីស្រមៃនោះ នឹងមានភាពរកាំរកូសឥតស្រាកស្រាន្តឡើយ វាប្រៀបហាក់បីដូចជាអ្នកកំពុងតែធ្វើសង្រ្គាមនៅក្នុងសមរភូមិដោយគ្មានអាវុធការពារយ៉ាងដូច្នោះដែរ។ ដូច្នេះការរៀបចំផែនការជីវិត គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នា។
តើអ្វីទៅជាផែនការជីវិត? ផែនការជីវិត គឺជាតារាងមួយសម្រាប់កត់ត្រានូវរាល់បំណងប្រាថ្នាទាំងអស់ និងគោលដៅដែលអ្នកចង់បាននៅក្នុងរបទជីវិតរស់នៅប្រចាំថ្ងៃ ដែលរួមបញ្ចូលទាំងគម្រោងសកម្មភាពរបស់ខ្លួន និងយុទ្ធសាស្ត្រធ្វើយ៉ាងណាដើម្បីសម្រេចគោលដៅក្តីសុបិន្តនៅក្នុងជីវិតរបស់អ្នក។
អ្នកគួរតែរៀបចំផែនការជីវិតរបស់អ្នកឱ្យបានត្រឹមត្រូវ ព្រោះថាជីវិតរបស់អ្នក គឺអ្នកជាមនុស្សទទួលខុសត្រូវចម្បង គ្មាននរណាម្នាក់ធ្វើវាជំនួសអ្នកបានឡើយ អ្នកត្រូវតែត្រួសត្រាយមាគ៌ាជីវិតដោយខ្លួនឯងឱ្យបានល្អ។ ប៉ុន្តែមានមនុស្សមួយចំនួនទៀត មិនមានផែនការជីវិតច្បាស់លាស់ និងមិនហ៊ានឈោងចាប់ក្តីសុបិនរបស់ខ្លួនក្រោមមូលហេតុដូចជា ៖
- ការងារមមាញឹកច្រើន និងគ្មានពេលវេលាគ្រប់គ្រាន់
- មានភាពភ័យខ្លាច ព្រោះគិតថាហានិភ័យនៃការបរាជ័យខ្ពស់ពេក
- បដិសេធនឹងការចាប់ផ្តើមព្រោះគិតថាមិនងាយស្រួល
- ខ្វះចំណេះដឹង និងបណ្តោយខ្លួនពេក
- មិនមានភាពស្វាហាប់ និងកំណត់គោលដៅច្បាស់លាស់ ខ្វះការលើកទឹកចិត្តចំពោះខ្លួនឯង
សាកសួរសំណួរទាំងនេះមកកាន់ខ្លួនឯងល៎មើល តើអ្នកធ្លាប់មានគំនិតដូចចំណុចខាងលើដែរឬទេ? ប្រសិនបើអ្នកធ្លាប់គិតបែបហ្នឹង សូមធ្វើការផ្លាស់ប្តូរគំនិតទាំងនេះចេញ ហើយងាកមកគិតវិជ្ជមានវិញម្តង ស្របជាមួយគ្នានេះផងដែរ អ្នកត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឈានដល់ការសម្រេចគោលដៅបានជោគជ័យ។
ជំហានទី១
ក្នុងការបង្កើនផែនការជីវិត អ្នកត្រូវដឹងថា តើផែនការរបស់អ្នកទាក់ទងទៅនឹងអ្វីពិតប្រាកដ ហើយអ្នកអាចរៀបចំផែនការជីវិតទាក់ទងនឹងការកំណត់គោលដៅសិក្សា អាជីពការងារ ចំណូលចំណាយហិរញ្ញវត្ថុ ទំនាក់ទំនងគ្រួសារ ទំនាក់ទំនងស្នេហា។
ជំហានទី២
អ្នកត្រូវស្វែងយល់មូលហេតុសំខាន់អ្វី ដែលជំរុញឱ្យអ្នករៀបចំផែនការជីវិតមួយនេះឡើង និងគោលបំណងធំរបស់អ្នក តើអ្នកចង់សម្រេចនូវក្តីសុបិនដូចម្តេច?
ជំហានទី៣
សូមកំណត់ពេលវេលាឱ្យបានច្បាស់លាស់ និងសម្រេចវាម្តងបន្តិចៗ កុំបង្ខំព្រោះមានរឿងខ្លះ យើងមិនអាចបង្ខំឱ្យទទួលបានផលឆាប់រហ័សទេ។
ជំហានទី៤
កំណត់គោលដៅតាមរបៀប (S.M.A.R.T) ដើម្បីបង្កើនភាពងាយស្រួលក្នុងការអនុវត្តន៍។ ការកំណត់របៀបនេះមានន័យថា៖
S-specific កំណត់ជាក់លាក់
M-Measurable មានការប៉ាន់ស្មាន
A-Agreed upon យល់ព្រម
R-Realistic ពិតប្រាកដនិយម
T-Time sensitive បត់បែនតាមកាលៈទេសៈ