Taylor Swift ដែលបានក្លាយជាមហាសេដ្ឋីកាលពីចុងឆ្នាំមុន ឥឡូវត្រូវបានបញ្ចូលក្នុងបញ្ជីមហាសេដ្ឋីប្រចាំឆ្នាំរបស់ Forbes ជាលើកដំបូងកាលពីថ្ងៃអង្គារ ដោយចូលរួមជាមួយតារាល្បីៗចំនួន 13 នាក់ផ្សេងទៀត ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 31 ពាន់លានដុល្លារ។
Swift ដែលបានក្លាយជាមហាសេដ្ឋីក្នុងខែតុលាឆ្នាំមុននោះ ចំណូលមួយផ្នែកធំ បានពីការបំបែកឯតទគ្គកម្ម Eras Tour ដែលបានក្លាយជាដំណើរទេសចរណ៍ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរកចំណូលបានជាង 1 ពាន់លានដុល្លារ។
The Eras Tour រកចំណូលបានប្រមាណ 1.04 ពាន់លានដុល្លារពីកម្មវិធី 60 ដំបូងរបស់ខ្លួនតែម្នាក់ឯង នេះបើយោងតាមការប៉ាន់ស្មានដោយ Pollstar ហើយដំណើរតន្ត្រីកម្សាន្តរបស់ Swift មានកាលបរិច្ឆេទកំណត់នៅអឺរ៉ុប និងអាមេរិកខាងជើងរហូតដល់ឆ្នាំ 2024 ។
ជាមួយនឹងសមិទ្ធផលខែតុលារបស់នាង Swift បានចូលរួមជាមួយមហាសេដ្ឋីតន្ត្រីករបួននាក់ផ្សេងទៀតគឺ Jay-Z, Rihanna និង Jimmy Buffet ប៉ុន្តែគឺជាតន្ត្រីករដំបូងគេដែលក្លាយជាមហាសេដ្ឋីដោយផ្អែកលើបទចម្រៀង និងការសម្តែងរបស់នាង ដោយមិនពឹងផ្អែកលើចំណូលផ្សេងៗដែលបានពីការលក់ប្រេនខ្លួនឯង ឬការងារផ្សព្វផ្សាយផលិតផលផ្សេងទៀត។
ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណក្នុងខែតុលាថា ទ្រព្យសម្បត្តិរបស់នាងប្រហែល 500 លានដុល្លារគឺជាសាច់ប្រាក់ដែលបានមកពីតន្ត្រី និងដំណើរកម្សាន្ត ហើយ 500 លានដុល្លារទៀត គឺមកពីការកើនឡើងនៃតម្លៃកាតាឡុកតន្ត្រីរបស់នាង ដែលភាគច្រើន នាងបានថតឡើងវិញ និងចេញលក់។
ឯ125 លានដុល្លារផ្សេងទៀត ជាតម្លៃបានមកពីអចលនទ្រព្យ៕